នៅថ្ងៃសុក្រ (ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានសុំអភ័យទោស ចំពោះ «ការលំបាក» ដែលបង្កឡើងដោយក្រឹត្យច្បាប់អាជ្ញាសឹកឆ្នាំ២០២៤ របស់លោក ដោយការសុំអត់ឱននេះកើតមានឡើងក្រោយមួយថ្ងៃបន្ទាប់ពីលោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទបះបោរ។
កាលពីថ្ងៃទី១៩ ខែកុម្ភៈ តុលាការតំបន់កណ្តាលទីក្រុងសេអ៊ូល បានរកឃើញថា លោក Yoon មានទោសពីបទដឹកនាំការបះបោរក្នុងខែធ្នូ ឆ្នាំ២០២៤ ដែលមានបំណង «រំខានដល់ការធ្វើតួនាទី» របស់រដ្ឋសភា។ ទោះបីជាលោក Yoon បានទទួលស្គាល់ថា ការប៉ុនប៉ងរបស់លោកក្នុងការអនុវត្តច្បាប់យោធា បានបង្កឲ្យមាន «ការខឹងសម្បា» ក៏ដោយ ក៏លោកនៅតែអះអាងថា វាគឺជាវិធានការមួយដែលធ្វើឡើង «សម្រាប់តែជាផលប្រយោជន៍ប្រទេសជាតិ» ប៉ុណ្ណោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចែករំលែកតាមរយៈមេធាវីរបស់លោក លោក Yoon បានរៀបរាប់ថា៖ «ខ្ញុំសូសុំអភ័យទោសដោយស្មោះអស់ពីចិត្ត ចំពោះប្រជាជនគ្រប់រូប សម្រាប់ការធ្វើឲ្យមានការខឹងសម្បា និងការលំបាកដែលខ្ញុំបានបង្កឡើងដោយសារតែការមិនបានពិចារណាឲ្យបានដិតដល់របស់ខ្ញុំ ទោះបីជាខ្ញុំធ្វើឡើង ដោយប្ដេជ្ញាចិត្តសង្គ្រោះប្រទេសជាតិក៏ដោយ»។

ជាមួយគ្នានេះ លោក Yoon បានរិះគន់សាលក្រមរបស់តុលាការថា គឺជាសេចក្ដីសម្រេច «ពិបាកទទួលយក» ប៉ុន្តែមិនបានផ្តល់ការចង្អុលបង្ហាញណាមួយថា តើលោកនឹងប្តឹងឧទ្ធរណ៍ដែរ ឬអត់នោះទេ។ គេមិនទាន់ច្បាស់នៅឡើយទេថា តើពេលណាដែលលោក Yoon វ័យ ៦៥ឆ្នាំ នឹងមានសិទ្ធិទទួលបានការលើកលែងទោស ទោះបីជាអ្នកទោសភាគច្រើនដែលជាប់ពន្ធនាគារអស់មួយជីវិត ជាធម្មតាអាចដាក់ពាក្យស្នើសុំបាន ក្រោយអនុវត្តទោសបាន ២០ឆ្នាំក៏ដោយ។
គួររំលឹកថា ដោយចង្អុលបង្ហាញពីការគំរាមកំហែងមិនច្បាស់លាស់នៃឥទ្ធិពលកូរ៉េខាងជើង និង «កងកម្លាំងប្រឆាំងរដ្ឋ» ដ៏គ្រោះថ្នាក់ លោក Yoon បានប្រកាសផ្អាករដ្ឋាភិបាលស៊ីវិល និងការចាប់ផ្តើមនៃការគ្រប់គ្រងយោធា។ ច្បាប់អាជ្ញាសឹកត្រូវបានលុបចោលប្រហែល ៦ម៉ោងក្រោយមក បន្ទាប់ពីសមាជិកសភាបានប្រញាប់ប្រញាល់ទៅកាន់អគាររដ្ឋសភា ដើម្បីធ្វើការបោះឆ្នោតបន្ទាន់មួយ៕
