អ៊ុយក្រែន៖ អគារលំនៅឋានបានរងការខូចខាតយ៉ាងដំណំ បន្ទាប់ពីគ្រាប់ផ្លោងដែលជឿថាត្រូវបានបាញ់ដោយទាហានរុស្ស៊ី វាយប្រហារមកលើប្លុកអគារប្រជាជនរស់នៅកាលពីថ្ងៃអាទិត្យ ប៉ុន្តែគ្មានសេចក្តីរាយការណ៍ពីការស្លាប់ ឬរងរបួសឡើយ។

ភ្លាមៗនោះគេមិនទាន់ដឹងច្បាស់ថា តើមីស៊ីលប្រភេទណាដែលបានបាញ់មកលើអគារនោះទេ។ នៅក្នុងទីក្រុងធំៗរបស់អ៊ុយក្រែន បុរស ស្ត្រី និងកុមាររាប់រយនាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ផ្លោងរបស់រុស្ស៊ី។ មនុស្សរាប់លាននាក់បានផ្លាស់ទីលំនៅទៅទីជម្រកក្រោមដី ឬភៀសខ្លួនចេញពីប្រទេស។ ការប្រយុទ្ធគ្នាយ៉ាងខ្លាំង និងការបាញ់ផ្លោងបានបន្តនៅក្នុងទីក្រុង Mariupol របស់ប្រទេសអ៊ុយក្រែន ខណៈដែលប្រជាជនបានផ្លាស់ប្តូរទីលំនៅឆ្លងកាត់អគារ និងទីជម្រកដែលត្រូវបានបំផ្លាញក្នុងការព្យាយាមដើម្បីរស់រានមានជីវិតនៅក្នុងទីក្រុង។

នៅក្នុងវីដេអូ ប្រជាជនជាច្រើនត្រូវបានគេឃើញដើរក្នុងកម្ទេចកំទី ដែលបណ្តាលមកពីការប្រយុទ្ធគ្នាដោយមានអាហារ និងសម្ភារៈផ្គត់ផ្គង់ផ្សេងៗ។ យោងតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ការឡោមព័ទ្ធទីក្រុងបានបណ្តាលឱ្យមានការខ្វះខាត ស្បៀងអាហារ ទឹក និងការផ្គត់ផ្គង់ថាមពល។ កងកម្លាំងរុស្ស៊ីបានបន្តជំរុញដណ្តើមយកទីក្រុង Mariupol ព្រោះវាជាយុទ្ធសាស្ត្រអនុញ្ញាតឱ្យកងកម្លាំងរុស្ស៊ីពីភាគខាងត្បូង និងកងទ័ពរុស្ស៊ីនៅតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែនតភ្ជាប់គ្នា។ មន្ត្រីទីក្រុងបាននិយាយថា រហូតមកដល់ពេលនេះមនុស្សយ៉ាងហោចណាស់ ២,៣០០នាក់បានស្លាប់នៅក្នុងទីក្រុង Mariupol ដោយខ្លះត្រូវបានកប់នៅក្នុងផ្នូរធំ៕
អត្ថបទ៖ ប៊ុនថន