អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Tony Blair បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Al Arabiya កាលពីថ្ងៃព្រហស្បតិ៍ (ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦) ថា ការផ្តល់ជំនួយមនុស្សធម៌បន្ទាន់ដល់តំបន់ហ្កាហ្សា និងការសម្រេចបាននូវការធ្វើឲ្យគ្មានកម្លាំងយោធោ គឺជាអាទិភាពចម្បង សម្រាប់ដែនដីប៉ាឡេស្ទីនមួយនេះ។
លោក Blair ដែលបានចូលរួមកិច្ចប្រជុំផ្លូវការដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) របស់ប្រធានាធិបតីអាមេរិក លោក Donald Trump នៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា នៅពេលដែលតំបន់ហ្កាហ្សា ត្រូវបានធ្វើឲ្យគ្មានកម្លាំងយោធា ក្រុមប្រដាប់អាវុធនានា រួមទាំងក្រុមហាម៉ាសផង ត្រូវបានរំសាយអាវុធ អាជ្ញាធរគ្រប់គ្រង «ដ៏ត្រឹមត្រូវ» មួយ ត្រូវបានបង្កើតឡើង ហើយការរឹតបន្តឹងលើទំនិញចូលទៅក្នុងដែនដីនេះ នឹងត្រូវបានដកចេញ ដែលអាចឲ្យប្រជាជនប៉ាឡេស្ទីន «រស់នៅតាមក្ដីប្រាថ្នារបស់ពួកគេ»។

លោក Blair បានបន្តថា លោកសង្ឃឹមថា ក្រុមហាម៉ាសនឹងរំសាយអាវុធដោយសន្តិវិធី ហើយប្តូរទៅជាការមានសកម្មភាពនយោបាយដោយគ្មានអាវុធ។ លោកបាននិយាយថា៖ «ពួកគេត្រូវតែបោះបង់ចោលអំពើហិង្សាដែលបានបង្កការខូចខាតយ៉ាងខ្លាំងដល់ប្រជាជននៅតំបន់ហ្កាហ្សា។ ដូច្នេះក្តីសង្ឃឹមរបស់យើង គឺថាយើងអាចធ្វើបែបនេះបានដោយការព្រមព្រៀងគ្នា»។
លោក Blair បានបន្ថែមថា ដំណោះស្រាយរដ្ឋ២ មិនអាចសម្រេចបានទេ ប្រសិនបើស្ថានភាពមិនមានភាពប្រសើរឡើងទាំងនៅក្នុងតំបន់ហ្កាហ្សា និងតំបន់ West Bank។
យ៉ាងណាក្ដី លោកបានទទួលស្គាល់ថា ការកសាងតំបន់ហ្កាហ្សាឡើងវិញ នឹង «ត្រូវការពេលវេលា» ប៉ុន្តែបានបញ្ជាក់ថា កិច្ចប្រឹងប្រែងសង្គ្រោះជាបន្ទាន់ អាចចាប់ផ្តើមក្នុងរយៈពេលខ្លីខាងមុខនេះ៕


