អង្គនីតិបញ្ញត្តិដែលគ្រប់គ្រងដោយគណបក្សកាន់អំណាចរបស់ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃព្រហស្បតិ៍ (ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦) បានអនុម័តសេចក្តីស្នើច្បាប់លើកលែងទោសមានកម្រិត ដែលអង្គការសិទ្ធិមនុស្ស លើកឡើងថា មិនគ្រប់គ្រាន់ ដើម្បីផ្តល់ការអនុគ្រោះដល់អ្នកទោសនយោបាយរាប់រយនាក់នៅក្នុងប្រទេសបាននោះទេ។
បន្ទាប់ពីមានការទម្លាក់លោកប្រធានាធិបតី Nicolas Maduro ដោយសហរដ្ឋអាមេរិក ប្រធានាធិបតីស្ដីទី លោកស្រី Delcy Rodriguez ដែលបានឡើងកាន់អំណាចកាលពីខែមុន បានព្រមតាមការទាមទាររបស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump ពាក់ព័ន្ធនឹងការលក់ប្រេង និងបានដោះលែងមនុស្សរាប់រយនាក់ ដែលក្រុមសិទ្ធិមនុស្សចាត់ថ្នាក់ជាអ្នកទោសនយោបាយ ជាផ្នែកមួយនៃការធ្វើឲ្យទំនាក់ទំនងមានប្រក្រតីភាពឡើងវិញ រវាងប្រទេសទាំង២។

រដ្ឋាភិបាលតែងតែបដិសេធថា មិនបានឃុំខ្លួនអ្នកទោសនយោបាយទេ ហើយបញ្ជាក់ថា អ្នកដែលជាប់ពន្ធនាគារ បានប្រព្រឹត្តបទលើ្មសព្រហ្មទណ្ឌ។ ច្បាប់នេះត្រូវបានអនុម័តបន្ទាប់ពីមានការជជែកដេញដោលលើកទី២ នៅក្នុងសភាដឹកនាំដោយលោក Jorge Rodriguez ដែលជាប្អូនប្រុសរបស់លោកស្រី Rodriguez។
ច្បាប់ដែលត្រូវបានអនុម័តនេះផ្តល់ការលើកលែងទោស ចំពោះការចូលរួមក្នុងការតវ៉ានយោបាយ និង «សកម្មភាពហិង្សា» ដែលបានកើតឡើងក្នុងអំឡុងពេលរដ្ឋប្រហាររយៈពេលខ្លីមួយ ក្នុងឆ្នាំ២០២២ និងបាតុកម្ម ឬការបោះឆ្នោតក្នុងខែជាក់លាក់មួយចំនួន នៅក្នុងរង្វង់ចន្លោះពីឆ្នាំ២០០៤ ដល់ឆ្នាំ២០២៥។
ចំណែកអ្នកដែលត្រូវបានកាត់ទោសពីបទ «បះបោរយោធា» ចំពោះការចូលរួមក្នុងព្រឹត្តិការណ៍ឆ្នាំ២០១៩ មិនត្រូវបានរាប់បញ្ចូលនោះទេ៕


