កាសែត NBC News បានរាយការណ៍ដោយដកស្រង់ប្រភពថា សហរដ្ឋអាមេរិកមានប្រព័ន្ធការពារដែនអាកាសមិនគ្រប់គ្រាន់នៅមជ្ឈិមបូព៌ាសម្រាប់ប្រតិបត្តិការយោធាទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់។
យោងតាមប្រភពព័ត៌មានទាំងនោះ បានឲ្យដឹងថា មន្ទីរបញ្ចកោណកំពុងបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់នេះ ដោយបញ្ជូននាវាបន្ថែម ប្រព័ន្ធការពារដែនអាកាស និងនាវាមុជទឹកទៅទីនោះ ប៉ុន្តែប្រព័ន្ធការពារដែនអាកាសមួយចំនួន រួមទាំងប្រព័ន្ធ Patriot មិនទាន់ត្រូវបានដាក់ពង្រាយពេញលេញនៅឡើយទេ។ ប្រភពមួយបាននិយាយថា ធនធានដែលមាន អាចគ្រប់គ្រាន់សម្រាប់ការវាយប្រហារមានកំណត់ប៉ុណ្ណោះ។

សារព័ត៌មាន NBC បានបញ្ជាក់ថា នៅពាក់កណ្តាលខែមីនា សហរដ្ឋអាមេរិកមានបំណងដាក់ពង្រាយកងកម្លាំងចាំបាច់ ដើម្បីត្រៀមខ្លួនសម្រាប់បញ្ជាដែលអាចកើតមានពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យវាយប្រហារ។ ទីក្រុងវ៉ាស៊ីនតោនកំពុងរង់ចាំមើលថាតើការពិគ្រោះយោបល់ជាបន្តបន្ទាប់របស់ខ្លួន ជាមួយទីក្រុងតេអេរ៉ង់នាំឲ្យមានដំណោះស្រាយការទូតដែរឬទេ ដោយទប់ស្កាត់ជម្លោះយោធា៕
