តាមរយៈការស៊ើបអង្កេតឯករាជ្យមួយ អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងនៅក្នុងរបាយការណ៍ថ្មីកាលពីថ្ងៃព្រហស្បតិ៍ (ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦) ថា ការសម្លាប់រង្គាលលើសហគមន៍មិនមែនអារ៉ាប់ នៅពេលដែលក្រុមកងកម្លាំងគាំទ្ររហ័ស (RSF) បានកាន់កាប់ទីក្រុង al-Fashir របស់ប្រទេសស៊ូដង់ មានភស្តុតាងដែលចង្អុលបង្ហាញពីការប្រព្រឹត្តិអំពើប្រល័យពូជសាសន៍។
នៅចុងខែតុលាឆ្នាំមុន កងកម្លាំង RSF បានកាន់កាប់ទីក្រុងនេះ ដែលជាបន្ទាយនៅសេសសល់ចុងក្រោយរបស់កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) នៅក្នុងតំបន់ Darfur ភាគខាងលិចប្រទេស ដោយមនុស្សរាប់ពាន់នាក់ ត្រូវបានសម្លាប់ និងរំលោភ ក្នុងអំឡុងរយៈពេលដ៏គួរឲ្យភ័យរន្ធត់ ៣ថ្ងៃ។ នេះបើយោងតាមបេសកកម្មស្វែងរកការពិតអន្តរជាតិឯករាជ្យរបស់ UN សម្រាប់ប្រទេសស៊ូដង់។
របាយការណ៍នោះបានឲ្យដឹងថា វាបានកើតឡើងបន្ទាប់ពីមានការឡោមព័ទ្ធរយៈពេល ១៨ខែ ដែលកងកម្លាំង RSF បានធ្វើឲ្យស្ថានភាពនៃជីវិតឆ្ពោះទៅរកការបំផ្លិចបំផ្លាញខាងរាងកាយ សម្រាប់សហគមន៍មិនមែនអារ៉ាប់ ជាពិសេសជនជាតិភាគតិច Zaghawa និង Fur។

បេសកកម្មរបស់ UN បានឲ្យដឹងថា ខ្លួនបានរកឃើញភស្តុតាងដែលបង្ហាញថា កងកម្លាំង RSF បានប្រព្រឹត្តនូវគំរូនៃការកំណត់គោលដោយចេតនាម្តងហើយម្តងទៀត ចំពោះបុគ្គលដោយផ្អែកលើការយល់ឃើញ ពាក់ព័ន្ធនឹងជនជាតិភាគតិច ភេទ និងនិន្នាការនយោបាយ ក្នុងនោះរួមទាំងការសម្លាប់រង្គាល ការរំលោភ និងការធ្វើទារុណកម្ម ក៏ដូចជាការធ្វើឲ្យស្ថានភាពជីវិតឆ្ពោះទៅរកការបំផ្លិចបំផ្លាញរាងកាយរបស់ក្រុមនេះ ដែលត្រូវបានចាត់ទុកថា ជាធាតុផ្សំស្នូលនៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ក្រោមច្បាប់អន្តរជាតិ។
របាយការណ៍នេះបានបញ្ជាក់ថា សេចក្តីព្រាងចុងក្រោយនៃរបាយការណ៍នេះ ត្រូវបានចែករំលែកជាមួយរដ្ឋាភិបាលស៊ូដង់ ប៉ុន្តែមិនមានការឆ្លើយតបណាមួយត្រូវបានទទួលទេ ខណៈដែលកងកម្លាំង RSF មិនបានឆ្លើយតបទៅនឹងសំណើរបស់បេសកកម្មរបស់ UN ដើម្បីជួបជាមួយថ្នាក់ដឹកនាំរបស់ខ្លួនឡើយ។ ទាំងកងកម្លាំង RSF និង SAF មិនបានឆ្លើយតបភ្លាមៗនោះទេ ចំពោះសំណើពីសារព័ត៌មាន Reuters ដើម្បីសុំការអត្ថាធិប្បាយ៕


