ទោះបីជាឥឡូវនេះ មានសុវត្ថិភាពនៅក្នុងផ្ទះថ្មីរបស់ខ្លួន នៅក្នុងប្រទេសអេស្តូនីក៏ដោយ ក៏អ្នកស្រី Inna Vnukova និយាយថា អ្នកស្រីមិនអាចលុបបំបាត់ការចងចាំដ៏គួរឲ្យភ័យខ្លាចនៃការរស់នៅ ក្រោមការកាន់កាប់របស់រុស្ស៊ី នៅភាគខាងកើតអ៊ុយក្រែន នៅពេលសង្គ្រាម បានចាប់ផ្តើម និងការរត់គេចខ្លួនដ៏គួរឲ្យរន្ធត់របស់គ្រួសារអ្នកស្រីបានទេ។

ពួកគេបានលាក់ខ្លួននៅក្នុងបន្ទប់ក្រោមដីសើមអស់រយៈពេលជាច្រើនថ្ងៃ នៅក្នុងភូមិ Kudriashivka របស់ពួកគេ បន្ទាប់ពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ នៅតាមដងផ្លូវ ទាហានបានបង្ហាញកាំភ្លើងយន្ត ធ្វើបាបអ្នកស្រុក បង្កើតចំណុចត្រួតពិនិត្យ និងប្លន់ផ្ទះសម្បែង និង មានការបាញ់ផ្លោងឥតឈប់ឈរ។
អ្នកស្រី Inna Vnukova បានប្រាប់សារព័ត៌មាន AP ថា៖«មនុស្សគ្រប់គ្នាមានការភ័យខ្លាច និងមិនហ៊ាន ចេញទៅខាងក្រៅ ដោយកងទ័ពកំពុងស្វែងរកអ្នកគាំទ្រអ៊ុយក្រែន និងមន្ត្រីរាជការដូចជាអ្នកស្រី និងស្វាមីរបស់ខ្លួន គឺលោក Oleksii Vnukov ។
នៅពាក់កណ្តាលខែមីនា អ្នកស្រីបានសម្រេចចិត្តថា អ្នកស្រីនិងកូនប្រុសអាយុ ១៦ ឆ្នាំរបស់ខ្លួន គឺ Zhenya នឹងរត់គេចខ្លួនចេញពីភូមិជាមួយក្រុមគ្រួសារបងប្រុសរបស់អ្នកស្រី ទោះបីជាវាមានន័យថា ទុកប្តីរបស់អ្នកស្រីចោលជាបណ្តោះអាសន្នក៏ដោយ។ ពួកគេបានធ្វើដំណើរដ៏ប្រថុយប្រថានតាមរថយន្តទៅកាន់ទីក្រុង Starobilsk ដែលនៅក្បែរនោះ ដោយគ្រវីក្រណាត់ពណ៌សមួយផ្ទាំង ចំពេលមានការបាញ់កាំភ្លើងត្បាល់៕
