អាជ្ញាធរកំពង់ផែ និងសមុទ្រ(MPA)និយាយនៅថ្ងៃសុក្រនេះថា សមាជិកនាវិកម្នាក់របស់ប្រទេសឥណ្ឌូនេស៊ី បានស្លាប់ ក្រោយអគ្គិភ័យឆាបឆេះនៅលើនាវាកម្សាន្តមួយគ្រឿង ដែលធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី ។
អាជ្ញាធរ MPA និយាយថា ផ្អែកលើការស៊ើបអង្កេតបឋមបង្ហាញថា អគ្គិភ័យនេះ បានឆាបឆេះក្នុងបន្ទប់សម្សាកលើជាន់ទី ៩នៃនាវាកម្សាន្ត World Legacy ។ អគ្គិភ័យនេះ ត្រូវបានពន្លត់ដោយទីភ្នាក់ងារពន្លត់អគ្គិភ័យនៃកងកម្លាំងការពារស៊ីវិលសិង្ហបុរី (SCDF) ។

អ្នកដំណើរទាំងអស់ ២៧១នាក់ រួមទាំងអ្នកដំណើរជនជាតិសិង្ហបុរី ១៣៩នាក់ ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព ។ មនុស្ស ៤នាក់ ក្នុងចំណោមពួកគេ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ សម្រាប់ការពិនិត្យសុខភាពបន្ថែម ។ នៅក្នុងចំណោមសមាជិកនាវិកទាំង ៣៨៨នាក់ គ្មាននរណាម្នាក់ជាជនជាតិសិង្ហបុរីនោះទេ ។
នាវាកម្សាន្តមួយគ្រឿងនេះ ស្ថិតក្នុងស្ថានភាពរួចផុតពីគ្រោះថ្នាក់ ហើយបច្ចុប្បន្នបានបោះយុថ្កានៅតំបន់បោះយុថ្កា Raffles Reserved Anchorage ជិតកន្លែងចាក់សំរាម Pulau Semakau និង Pulau Senang ។
អាជ្ញាធរ MPA និយាយនៅក្នុងការបញ្ចេញព័ត៌មានដំបូងរបស់ខ្លួនពីឧបទ្ទេហេតុនេះថា នាវាល្បាតរបស់អាជ្ញាធរ MPA ឆ្មាំល្បាតឆ្នេរ និងកងកម្លាំង SCDF បានទៅមើលនាវាកម្សាន្តជួបគ្រោះថ្នាក់មួយគ្រឿងនេះ ។
ពួកគេបន្តថា ឧបទ្ទេវហេតុនេះ បានកើតឡើងកាលពីវេលាម៉ោង ៤ព្រឹកទាបភ្លឺ ម៉ោងក្នុងស្រុក ថ្ងៃសុក្រ នៅលើនាវាចុះបញ្ជីលីបេរីយ៉ា ហើយអគ្គិភ័យត្រូវពន្លត់បានភ្លាមៗដោយក្រុមនាវិក ៕
