មេបញ្ជាការកងកម្លាំងស្ថិរភាពអន្តរជាតិ(ISF)ដែលទើបបង្កើតថ្មី និយាយអំឡុងជំនួបក្រុមប្រឹក្សាសន្តិភាពរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ថា ឥណ្ឌូនេស៊ី ម៉ារ៉ុក កាហ្សាក់ស្ថាន កូសូវ៉ូ និងអាល់បានី បានសន្យាបញ្ជូនទាហានរបស់ខ្លួនទៅកាន់តំបន់ហ្កាហ្សា ។
ឧត្តមសេនីយកងទ័ពសហរដ្ឋអាមេរិកលោក Jasper Jeffers ដែលត្រូវបានតែងតាំងជាមេបញ្ជាការអនាគតនៃកងកម្លាំងស្ថិរភាពហ្កាហ្សា ដោយក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ភាគីឥណ្ឌូនេស៊ីបានយល់ព្រមទទួលយកតំណែងមេបញ្ជាការរង ។

អំឡុងជំនួបក្រុមប្រឹក្សាសន្តិភាពនៅទីក្រុងវ៉ាស៊ីនតោន លោក Jeffers និយាយថា ជាមួយជំហានទាំងនេះ ពួកយើងនឹងជួយនាំយកសន្តិសុខដែលតំបន់ហ្កាហ្សាត្រូវការ ។
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto ដែលស្ថិតក្នុងចំណោមមេដឹកនាំចូលរួមជំនួបមួយនេះ និយាយថា ប្រទេសរបស់លោកនឹងរួមចំណែកបុគ្គលិក ៨ពាន់នាក់ ដល់កងម្លាំងតាមផែនការ ដើម្បីបំពេញការងារសន្តិភាពមួយនេះ នៅដែនដីប៉ាឡេស្ទីនដែលញាំញីដោយសារភ្លើងសង្រ្គាម ជាទីដែលអំពើប្រល័យពូជសាសន៍របស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោច ៧២.០០០នាក់ ។
ខណៈពេលនោះដែរ ប្រធានាធិបតីកាហ្សាក់ស្ថានលោក Kassym-Jomart Tokayev បាននិយាយថា ប្រទេសរបស់លោកនឹងបញ្ជូនទាហានក្នុងចំនួនមិនជាក់លាក់ រួមទាំងអង្គភាពវេជ្ជសាស្រ្ត ទៅកាន់តំបន់ហ្កាហ្សា ។
ដោយឡែក រដ្ឋមន្រ្តីការបរទេសម៉ារ៉ុកលោក Nasser Bourita និយាយថា ប្រទេសរបស់លោកត្រៀមខ្លួនរួចរាល់ ក្នុងការដាក់ពង្រាយនគរបាលទៅកាន់តំបន់ហ្កាហ្សា ។
អាល់បានីដែលនាយករដ្ឋមន្រ្តីរបស់ពួកគេ បានបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃទៅកាន់អ៊ីស្រាអែលកាលពីពេលថ្មីៗនេះ បាននិយាយផងដែរថា ពួកគេនឹងបញ្ជូនទាហានទៅកាន់តំបន់ហ្កាហ្សា ស្របពេលប្រទេសជិតខាងអេហ្ស៊ីប និងហ៊្សកដានី និយាយថា ពួកគេនឹងចូលរួមដោយមន្រ្តីនគរបាលបណ្តុះបណ្តាល ៕
