សារព័ត៌មានក្នុងស្រុក រាយការណ៍ថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅតំបន់ Sunshine Lake ស្ថិតក្នុងទីក្រុង Kansas រដ្ឋ Missouri សហរដ្ឋអាមេរិក ។
ផ្ទះសម្បែងប្រជាពលរដ្ឋរាប់សិបខ្នង រងការខូចខាត ក្រោយភ្លើងឆេះព្រៃរីករាលដាលយ៉ាងឆាប់រហ័ស ដោយសារស្ថានភាពអាកាសធាតុស្ងួត និងមានខ្យល់បក់ខ្លាំង ។
ផ្សែងខ្មៅយ៉ាងក្រាស់ ត្រូវបានមើលឃើញហុយលើអាកាស ខណៈកម្ទេចកម្ទី រួមទាំងរថយន្តរងការឆាបឆេះ រាយប៉ាយពាសពេញដី ។

យោងតាមការអះអាងរបស់ក្រុមកាកបាទក្រហមអាមេរិក បានឲ្យដឹងថា មនុស្ស ៦០នាក់ ត្រូវបានជួយសង្រ្គោះ និងនាំទៅស្នាក់នៅបណ្តោះអាសន្ននៅក្នុងជំរំ ក្រោយផ្ទះសម្បែងរបស់ពួកគេ រងការខូចខាត នៅក្នុងភ្លើងឆេះព្រៃ ។
ភ្លើងឆេះព្រៃនេះ ចាប់ផ្តើមឆាបឆេះឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយមូលហេតុបណ្តាលឲ្យអគ្គិភ័យកើតឡើង កំពុងស្ថិតក្រោមការស៊ើបអង្កេត ខណៈដែលក្រុមមន្រ្តីពុំបានបញ្ចេញព័ត៌មានពីលទ្ធភាពនៃអ្នករងរបួសនោះទេ ។
ក្រុមស្ម័គ្រចិត្ត បានចាប់ដៃគូជាមួយកងទ័ពសង្រ្គោះ ដើម្បីផ្តល់ជាស្បៀងអាហារ សម្លៀកបំពាក់ ដល់ជនរងគ្រោះ ហើយអង្គការចំនួន ២ បានធ្វើជម្រកបណ្តោះអាសន្ន សម្រាប់អ្នកដែលរងផលប៉ះពាល់ ៕
