យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំ និងរថយន្តដឹកអ្នកដំណើរ នៅខេត្តភាគឦសាន Port Said ប្រទេសអេហ្ស៊ីប បណ្តាលឲ្យមនុស្ស ១៨នាក់ស្លាប់ដែលភាគច្រើននៃពួកគេគឺជាអ្នកនេសាទ និងមនុស្ស ៣នាក់ផ្សេងទៀត រងរបួស ។
យោងតាមសេចក្តីរាយការណ៍របស់កាសែតរដ្ឋអេហ្ស៊ីប Al-Ahram បានឲ្យដឹងថា គ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង ១២ និង ២០នាទីថ្ងៃត្រង់ ម៉ោងក្នុងស្រុក ថ្ងៃព្រហស្បតិ៍ នៅលើផ្លូវហាយវ៉េ 30 June Axis ស្ថិតនៅភាគខាងត្បូងខេត្ត Port Said ។

កាសែត Al-Ahram រាយការណ៍ទៀតថា អ្នករស់រានពីគ្រោះថ្នាក់នេះ ត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយក្រុមរដ្ឋអាជ្ញា បានបើកការស៊ើបអង្កេតចំពោះមូលហេតុនៃឧបទ្ទេវហេតុគ្រោះថ្នាក់នេះ ។
រូបថតសន្លឹកពីកន្លែងកើតហេតុដែលត្រូវបានគេបង្ហោះនៅលើអនឡាញ ឃើញរថយន្តដឹកអ្នកដំណើរត្រូវបានបុកខ្ទេចនៅចន្លោះរថយន្តដឹកទំនិញធំ ២គ្រឿង ហើយកម្ទេចកម្ទីរាយប៉ាយពាសពេញផ្លូវ ។
ទីភ្នាក់ងារព័ត៌មាន APរាយការណ៍ថា រថយន្តដឹកអ្នកដំណើរ បានដឹកអ្នកនេសាទទៅធ្វើការនៅកសិដ្ឋានចិញ្ចឹមត្រីមួយកន្លែង ស្ថិតនៅតំបន់ឆ្នេរខេត្ត Port Said ។
ដោយជាប់រវល់ចូលរួមជំនួបដំបូងនៃក្រុមប្រឹក្សាសន្តិភាពរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអេហ្ស៊ីបលោក Mostafa Madbouly បានផ្ញើរមរណទុក្ខចំពោះជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់នេះ និងបានបញ្ជាឲ្យមានជំនួយហិរញ្ញវត្ថុដល់សាច់ញាតិអ្នកស្លាប់ និងអ្នករងរបួស ៕
