នៅថ្ងៃសុក្រ (ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ មន្ត្រីបានប្រាប់ឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានបំណាក់ដី ២កន្លែង ដែលបានសម្លាប់មនុស្ស ៧នាក់ និងទឹកជំនន់ដែលបានធ្វើឲ្យអ្នកស្រុកជាង ៣.០០០នាក់ នៅភាគអាគ្នេយ៍នៃប្រទេសហ្វីលីពីន ត្រូវបានជម្លៀសចេញ។
មន្ត្រីឆ្លើយតបគ្រោះមហន្តរាយ និងខេត្ត បានប្រាប់ថា បំណាក់ដីដែលមានសុទ្ធតែដុំថ្មធំៗ បានកប់ផ្ទះ ១ខ្នង និងបានសម្លាប់ប្តីប្រពន្ធមួយគូ និងកូនស្រី ២នាក់របស់ពួកគេ នាថ្ងៃសុក្រនេះ នៅក្នុងទីក្រុងឆ្នេរ Mati ក្នុងខេត្ត Davao Oriental។

យោងតាមនាយកតំបន់នៃការិយាល័យការពារជនស៊ីវិល លោក Ednar Dayanghirang បានឲ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះបានប្រើឧបករណ៍ជីកដី ដើម្បីយកសាកសពចេញ។ លោក Dayanghirang និងមន្ត្រីផ្សេងទៀត បានឲ្យដឹងទៀតថា នៅទីក្រុង Monkayo ក្នុងខេត្ត Davao de Oro ជិតខេត្ត Davao Oriental សាកសពមនុស្ស ៣នាក់ ត្រូវបានជីកទាញយក បន្ទាប់ពីផ្ទះរបស់ពួកគេត្រូវបានកប់កាលពីយប់ថ្ងៃព្រហស្បតិ៍ដោយបំណាក់ដី។
ជាមួយគ្នានេះ លោក Dayanghirang បានប្រាប់ទៀតថា មនុស្សជិត ១០.០០០នាក់ បានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង នៅប៉ុន្មានថ្ងៃថ្មីៗនេះ ក្នុងនោះរួមទាំងជាង ៣.២០០នាក់ដែលត្រូវបានបង្ខំឲ្យផ្លាស់ទៅកាន់ជម្រកសង្គ្រោះបន្ទាន់ ឬទៅនៅជាមួយសាច់ញាតិ ។ លោកបានបន្ថែមថា ខេត្ត និងទីប្រជុំជនជាយក្រុងជាច្រើន ត្រូវបានជំរុញឲ្យបិទថ្នាក់រៀន និងកន្លែងការងារ។
ទីភ្នាក់ងារព្យាករអាកាសធាតុ បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះ បានកើតឡើងក្នុងរយៈពេលមុនយ៉ាងឆ្ងាយពីរដូវព្យុះទីហ្វុងដែលជាធម្មតាចាប់ផ្តើមនៅក្នុងខែមិថុនា ហើយបណ្តាលមកពីខ្យល់ត្រជាក់ដែលមានឥទ្ធិពលទៅវិញទៅមក រវាងខ្យល់ក្តៅ និងសើម ពីមហាសមុទ្រប៉ាស៊ីហ្វិក៕

