ក្រសួងការបរទេសហ្វីលីពីន នៅថ្ងៃសុក្រ (ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនកំពុងរក្សាទំនាក់ទំនងបើកចំហ ជាមួយប្រទេសចិន ទោះបីជាមានការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសដែលមាន «គំនិតដូចគ្នា» ដែលគាំទ្រជំហររបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូងក៏ដោយ។

អ្នកនាំពាក្យក្រសួងការបរទេសលោក Rogelio Villanueva បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ទោះបីជាក្រសួងការបរទេស (DFA) ពង្រឹងសម្ព័ន្ធភាព និងភាពជាដៃគូជាមួយប្រទេសដែលមានគំនិតដូចគ្នាក៏ដោយ ក៏ខ្លួនបន្តរក្សាទំនាក់ទំនងបើកចំហជាមួយភាគីចិន ដើម្បីសម្រេចបាននូវការសន្ទនាប្រកបដោយភាពស្មោះត្រង់ និងស្ថាបនា និងកិច្ចសហប្រតិបត្តិការជាក់ស្តែងផងដែរ»។
ថ្មីៗនេះ ហ្វីលីពីនបានធ្វើកិច្ចចរចាទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយសហរដ្ឋអាមេរិក និងកាណាដា ស្ដីពីបញ្ហាសមុទ្រ។ ហ្វីលីពីន និងសហរដ្ឋអាមេរិក ថ្មីៗនេះ បានប្តេជ្ញាបង្កើនការដាក់ពង្រាយ «ប្រព័ន្ធមីស៊ីល និងយានដ្រូនកម្រិតខ្ពស់របស់សហរដ្ឋអាមេរិក» នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
ស្ថានទូតចិនប្រចាំទីក្រុងម៉ានីល មិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ ហ្វីលីពីន និងចិន បានប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់ នៅក្នុងសមុទ្រចិនខាងត្បូង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជុំវិញបញ្ហាជម្លោះទឹកដី៕

