អ្នកឆ្លើយឆ្លងព័ត៌មានរបស់កាសែត Al Jazeera រាយការណ៍ថា កងកម្លាំងសន្តិសុខសម្លាប់មនុស្សម្នាក់ និងមនុស្ស ១១នាក់ផ្សេងទៀត រងរបួស ពេលដែលហ្វូងមនុស្សមានទំនាក់ទំនងជាមួយក្រុមបំបែកខ្លួន STC ប៉ុនប៉ងវាយប្រហាររបងវិមានប្រធានាធិបតី al-Maashiq ស្ថិតក្នុងទីក្រុង Aden ។
កាសែត Al Jazeera ទទួលបានរូបភាពវីដេអូឃ្លីបជាច្រើនឃើញការបាញ់ប្រហារបណ្តាលឲ្យមនុស្សរងរបួសជាច្រើននាក់ នៅកន្លែងកើតហេតុ ។
ការបាញ់ប្រហារនេះ កើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ក្រោយលោកនាយករដ្ឋមន្រ្តី Shaya Mohsen al-Zindani មានជំនួបលើកដំបូងរបស់រដ្ឋាភិបាលទទួលស្គាល់ដោយអន្តរជាតិនៅឯវិមានប្រធានាធិបតី al-Maashiq ។ ជំនួបបានធ្វើឡើង ស្របពេលមានការជំទាស់ពីក្រុមប្រឆាំង ។
គណៈកម្មាធិការសន្តិសុខខេត្ត Aden និយាយថា កងកម្លាំងសន្តិសុខ បានឆ្លើយតបចំពោះទង្វើខុសច្បាប់របស់បាតុករប្រដាប់អាវុធដែលព្យាយាមចូលក្នុងវិមានប្រធានាធិបតី ដើម្បីបំផ្លិចបំផ្លាញ ។
ពួកគេបន្តថា ពួកយើងមិនអាចអត់ធ្មត់បាននោះទេ ចំពោះទង្វើណាមួយពាក់ព័ន្ធនឹងភាពវឹកវរ និងការវាយប្រហារកងកម្លាំងសន្តិសុខ ។
យោងតាមការអះអាងរបស់ក្រុមបំបែកខ្លួន STC បានឲ្យដឹងថា មនុស្សយ៉ាងហោច ២១នាក់ បានរងរបួស ហើយពួកគេបានថ្កោលទោសចំពោះអ្វីដែលពួកគេចាត់ទុកថា ជាការប្រើកម្លាំងហួសប្រមាណរបស់កងកម្លាំងសន្តិសុខលើក្រុមបាតុករ ៕