រដ្ឋមន្រ្តីសន្តិសុខម៉ិកស៊ិកលោក Omar Garcia Harfuch និយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពជើងទឹកម៉ិកស៊ិក ស្កាត់ចាប់នាវាមុជទឹកមួយគ្រឿងដឹកសារធាតុកូកាអ៊ីនទម្ងន់ ៤តោន នៅតំបន់ឆ្នេរភាគខាងលិចប្រទេស ស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។

លោក Garcia Harfuch និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា កាលពីសប្តាហ៍មុន ប្រតិបត្តិការក្នុងសមុទ្រ បានធ្វើឡើងដោយរឹបអូសបានគ្រឿងញៀនទម្ងន់ ១០តោន ។ នេះតំណាងឲ្យផលប៉ះពាល់ដោយផ្ទាល់ និងប្រាក់រាប់លានដុល្លារដល់រចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់អង្គការឧក្រិដ្ឋកម្ម ការពារគ្រឿងញៀនរាប់លានដូសពីការចូលដល់ទីផ្សារ ក៏ដូចជាការពារសុវត្ថិភាពគ្រួសារម៉ិកស៊ិកផងដែរ ។ លោកថា មនុស្ស ៣នាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការចាប់គ្រឿងញៀននេះ ។
ដោយឡែក កាលពីថ្ងៃអាទិត្យកន្លងទៅ កងទ័ពជើងទឹកអែល សាល់វ៉ាឌ័រ បានប្រកាសរឹបអូសបានគ្រឿងច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ពួកគេ ចំនួន ៦,៦តោន ។
ពួកគេបានស្កាត់ចាប់ទូកចុះបញ្ជីតង់ហ្សានីមួយគ្រឿង នៅចម្ងាយ ៦១១គ.ម ភាគនិរតីតំបន់ឆ្នេរ ដោយពួកគេរកឃើញសារធាតុកូកាអ៊ីនចំនួន ៣៨០កញ្ចប់ ៕
