វិមានក្រឹមឡាំង នៅថ្ងៃសុក្រ (ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា ទំនាក់ទំនងជាមួយជប៉ុន ត្រូវបានកាត់បន្ថយដល់កម្រិតសូន្យ ដោយសារតែជំហរ «មិនមែនមិត្ត» របស់ទីក្រុងតូក្យូ ចំពោះរុស្ស៊ី ហើយមិនមានកិច្ចសន្ទនាឆ្ពោះទៅរកសន្តិភាពដែលកំពុងដំណើរការនោះឡើយ។

រុស្ស៊ី និងជប៉ុន មិនដែលចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពសង្គ្រាមលោកលើកទី ២ ជាផ្លូវការឡើយ ដោយឧបសគ្គចម្បង គឺជម្លោះទឹកដីដែលមិនទាន់បានដោះស្រាយ ពាក់ព័ន្ធនឹងកោះ Kuril ដែលត្រូវបានគេស្គាល់នៅក្នុងប្រទេសជប៉ុនថា ជាដែនដីភាគខាងជើង។
បើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ី បានឲ្យដឹងថា នៅក្នុងសុន្ទរកថាផ្លូវការដំបូងរបស់លោកស្រីទៅកាន់សភា នាថ្ងៃសុក្រនេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយថា៖ «ទោះបីជាទំនាក់ទំនងជប៉ុន-រុស្ស៊ី ស្ថិតក្នុងស្ថានភាពលំបាកក៏ដោយ ក៏ជំហររបស់រដ្ឋាភិបាលជប៉ុននៅតែមិនផ្លាស់ប្តូរ ដោយមានគោលបំណងដោះស្រាយបញ្ហាទឹកដី និងបញ្ចប់សន្ធិសញ្ញាសន្តិភាព»។
តែយ៉ាងណាក្ដី អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ទំនាក់ទំនងរបស់រុស្ស៊ីជាមួយជប៉ុន «ត្រូវបានកាត់បន្ថយដល់កម្រិតសូន្យ» ដោយសារអ្វីដែលលោកបានចាត់ទុកថា ជា «ជំហរមិនមែនមិត្ត» របស់ទីក្រុងតូក្យូ ចំពោះទីក្រុងមូស្គូ។
លោក Peskov បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា៖ «មិនមានកិច្ចសន្ទនាទេ ហើយវាមិនអាចទៅរួចឡើយ ក្នុងការពិភាក្សាអំពីបញ្ហាសន្ធិសញ្ញាសន្តិភាពដោយគ្មានកិច្ចសន្ទនានោះ។ រុស្ស៊ីមិនដែលគាំទ្រការបញ្ចប់ការសន្ទនាឡើយ»។
លោកបានបន្ថែមថា៖ «ក្រោមកាលៈទេសៈទាំងនេះ វាគឺមិនទំនងនោះទេដែលកិច្ចព្រមព្រៀងណាមួយ អាចសម្រេចបាន ដោយមិនផ្លាស់ប្តូររបៀបនៃទំនាក់ទំនងរបស់យើង»៕
