នៅថ្ងៃសុក្រ (ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ តាមរយៈបណ្ដាញ Telegram របស់លោក អភិបាលតំបន់ លោក Igor Kobzev បានឲ្យដឹងថា អ្នកទេសចរចិនចំនួន ៧នាក់ និងអ្នកបើកបររថយន្តក្រុងម្នាក់ ត្រូវបានគេបារម្ភថា ស្លាប់ បន្ទាប់ពីរថយន្តក្រុងទេសចរណ៍ ១គ្រឿងដែលបើកបរឆ្លងកាត់តំបន់ទឹកកកនៃបឹង Baikal ក្នុងតំបន់ស៊ីបេរីរបស់ប្រទេសរុស្ស៊ី បានធ្លាក់ចូលទៅក្នុងទឹក ដោយសារទឹកកកនៅខាងក្រោមវាបានបាក់។
លោក Kobzev បានប្រាប់ថា អ្នកទេសចរម្នាក់បានរួចខ្លួន ហើយការស្វែងរកអ្នកផ្សេងទៀតនៅតែបន្តធ្វើ។ បឹងដ៏ជ្រៅបំផុតរបស់ពិភពលោកដែលមានទីតាំងនៅភាគខាងជើងម៉ុងហ្គោលី គឺជាគោលដៅដ៏ពេញនិយម សម្រាប់អ្នកទេសចរ។
ការិយាល័យរដ្ឋអាជ្ញាតំបន់ Irkutsk បានឲ្យដឹងថា ការស៊ើបអង្កេតព្រហ្មទណ្ឌត្រូវបានបើកដំណើរការ ហើយការស្វែងរកមូលហេតុកំពុងប្រព្រឹត្តទៅ។
ទេសចរណ៍ចិន នៅក្នុងប្រទេសរុស្ស៊ី បានកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ចំពេលមានការផ្សះផ្សានយោបាយ រវាងប្រទេសជិតខាងទាំង២ និងភាពជាដៃគូយុទ្ធសាស្ត្រ «គ្មានដែនកំណត់» ដែលបានប្រកាសកាលពីឆ្នាំមុន ខណៈពេលដែលប្រព័ន្ធធ្វើដំណើរដោយគ្មានទិដ្ឋាការទៅវិញទៅមក ត្រូវបានដាក់ចេញ៕