រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Yvette Cooper នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នៅថ្ងៃសុក្រ (ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦) បន្ទាប់ពីប្រធានាធិបតី លោក Donald Trump បានរិះគន់ទីក្រុងឡុងដ៍្រជាថ្មី ចំពោះការប្រគល់អធិបតេយ្យភាពនៃកោះ Chagos ដែលជាទីតាំងនៃមូលដ្ឋានទ័ពអាកាសអាមេរិក-អង់គ្លេស។
កាលពីឆ្នាំមុន នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដើម្បីផ្ទេរអធិបតេយ្យភាពនៃកោះមហាសមុទ្រឥណ្ឌាទៅឲ្យប្រទេសម៉ូរីស ខណៈពេលដែលរក្សាការគ្រប់គ្រងកោះមួយ គឺ Diego Garcia តាមរយៈការជួលរយៈពេល ៩៩ឆ្នាំ ដែលបន្តរក្សាប្រតិបត្តិការរបស់សហរដ្ឋអាមេរិកនៅមូលដ្ឋាននេះ។
ទីក្រុងវ៉ាស៊ីនតោនកាលពីឆ្នាំមុន បានគាំទ្រកិច្ចព្រមព្រៀងនេះ ប៉ុន្តែលោក Trump បានផ្លាស់ប្តូរគំនិតរបស់លោកច្រើនដង។ កាលពីខែមករា លោក Trump បានពិពណ៌នាវាថា ជាទង្វើនៃ «ការគិតគូរមិនបានដិតដល់ទាល់តែសោះ» ប៉ុន្តែកាលពីដើមខែនេះ បាននិយាយថា លោកយល់ថា កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងដ៏ល្អបំផុតដែលលោក Starmer អាចធ្វើបាន មុនពេលចាប់ផ្ដើមការរិះគន់របស់លោកឡើងវិញ នៅសប្តាហ៍នេះ។
យ៉ាងណាក្ដី លោកស្រី Cooper កំពុងជួបជាមួយលោក Rubio ដើម្បីពិភាក្សាអំពីបញ្ហាការពារជាតិ និងសន្តិសុខ នៅទីក្រុងវ៉ាស៊ីនតោន ខណៈដែលលោក Trump ក៏បានបង្កើនវោហាសាស្ត្ររបស់លោក ជុំវិញបញ្ហាអ៊ីរ៉ង់ ដោយប្រាប់ថា ទីក្រុងតេអេរ៉ង់ត្រូវតែធ្វើកិច្ចព្រមព្រៀងលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ក្នុងរង្វង់រយៈពេល ១០ ទៅ ១៥ថ្ងៃខាងមុខ ឬបើមិនដូច្នោះទេ «រឿងរ៉ាវអាក្រក់ៗដ៏ពិតប្រាកដ» នឹងកើតឡើង។
មូលដ្ឋាន Diego Garcia ថ្មីៗនេះ ត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការនៅមជ្ឈិមបូព៌ាប្រឆាំងនឹងក្រុមហ៊ួធីរបស់ប្រទេសយេម៉ែន និងសម្រាប់ការផ្ដល់ជំនួយមនុស្សធម៌ដល់តំបន់ហ្កាហ្សា៕