រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃសុក្រថា លោករំពឹងថានឹងមានសេចក្តីព្រាងសំណើតប រួចរាល់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខបន្ទាប់ពីការចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកនៅសប្តាហ៍នេះ ខណៈប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថា លោកកំពុងពិចារណា ការវាយប្រហារដោយយោធា។ មន្ត្រីអាមេរិកពីររូបបានប្រាប់សារព័ត៌មានរ៉យទ័រថា ផែនការយោធារបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់បានឈានដល់ដំណាក់កាលឆ្ពោះទៅមុខ ដោយមានជម្រើសជាច្រើនរួមមានទាំងការកំណត់គោលដៅបុគ្គលជាផ្នែកមួយនៃការវាយប្រហារ និងបន្តការផ្លាស់ប្តូរមេដឹកនាំនៅទីក្រុងតេអេរ៉ង់ ប្រសិនបើត្រូវបានបញ្ជាដោយលោក Trump។ លោក Trump បានផ្តល់ពេលវេលាកំណត់ដល់ទីក្រុងតេអេរ៉ង់ពី១០ ទៅ១៥ថ្ងៃ ដើម្បីបង្កើតកិច្ចព្រមព្រៀងដោះស្រាយជម្លោះនុយក្លេអ៊ែរយូរអង្វែង បើមិនដូច្នេះទេត្រូវប្រឈមនឹង «រឿងអាក្រក់ជាច្រើន» ក្នុងពេលមានការបង្កើនយោធារបស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ដែលបានជំរុញឱ្យមានការព្រួយបារម្ភពីសង្គ្រាមកាន់តែរាលដាល។ នៅពេលត្រូវបានសួរកាលពីថ្ងៃសុក្រថាតើលោកកំពុងពិចារណាលើការវាយប្រហារដែលត្រូវបានកំណត់ដើម្បីដាក់សម្ពាធលើអ៊ីរ៉ង់ឲ្យចូលក្នុងកិច្ចព្រមព្រៀងឬយ៉ាងណា លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា «ខ្ញុំគិតថា ខ្ញុំអាចនិយាយបានថាខ្ញុំកំពុងពិចារណា» រឿងនេះ។

ក្រោយមក នៅពេលត្រូវបានសួរអំពីអ៊ីរ៉ង់នៅក្នុងសន្និសីទសារព័ត៌មានសេតវិមាន លោក Trump បាននិយាយបន្ថែមថា «ពួកគេគួរតែចរចាកិច្ចព្រមព្រៀងដោយយុត្តិធម៌»។ កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយបន្ទាប់ពីការពិភាក្សាដោយប្រយោលនៅទីក្រុងហ្សឺណែវក្នុងសប្តាហ៍នេះជាមួយលោក Steve Witkoff បេសកជនពិសេសរបស់លោកTrump និងលោក Jared Kushner ថា ភាគីទាំងពីរបានឈានដល់ការយោគយល់គ្នាលើ «គោលការណ៍» សំខាន់ៗ ប៉ុន្តែនោះពុំមែនមានន័យថាកិច្ចព្រមព្រៀងណាមួយនឹងកើតឡើងឆាប់ៗនោះទេ។
