កំពង់ស្ពឺ ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តសកម្មភាពសប្បុរសធម៌ដ៏ល្អថ្លៃថ្លាដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋឲ្យល្អប្រសើរ លើទឹកដីឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៣៦នាក់ បានចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ ដោយមិនគិតថវិកាបេសកកម្ម អប់រំផ្សព្វផ្សាយបង្ការជំងឺកូវីដ-១៩ រៀនរស់នៅធម្មតាក្នុងប្រក្រតីភាពថ្មី វិធានការសុខាភិបាល “៣ការពារ ៣កុំ” និងពិនិត្យព្យាបាលជំងឺ រួមទាំងចែកថ្នាំពេទ្យ ម៉ាស់ អាល់កុល និងគ្រឿងឧបភោគបរិភោគ ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន ៣៨៩នាក់ ព្រមទាំងបានបណ្តុះបណ្តាលអំពីវិធីសាស្ត្រសង្គ្រោះបឋម ជូនដល់ប្អូនៗសិស្សានុសិស្សចំនួន ៣២នាក់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាប្រធានគណៈកម្មការទី៧ រដ្ឋសភា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យស្ទឹងឃ្លៀច ស្ថិតនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
សកម្មភាពខាងលើនេះដឹកនាំដោយលោកវេជ្ជបណ្ឌិត សាយ ឬទ្ធី អនុប្រធានប្រតិបត្តិ តំណាងឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី សហការជាមួយលោក ងួន វាសនា អភិបាលស្រុកឱរ៉ាល់ លោក ចែម សារីម ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកឱរ៉ាល់ និងលោកស្រី យឹម សុធារ៉ា អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ និង កងកម្លាំងប្រដាប់អាវុធ សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ យុវជនកាកបាទក្រហមកម្ពុជាស្រុក យុវជនកាយរិទ្ធកម្ពុជាស្រុក យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកឱរ៉ាល់។
លោកវេជ្ជបណ្ឌិត សាយ រិទ្ធ បានមានប្រសាសន៍ថា ជានិច្ចកាល ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី តែងទទួលបាននូវការស្វាគមន៍ គោរពស្រលាញ់រាប់អាន មានការគាំទ្រ ផ្តល់ជំនឿទុកចិត្តខ្ពស់ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ តាមរយៈបទពិសោធន៍ ក្នុងការបំពេញបេសកកម្ម ការងារជួយសង្គ្រោះជីវីតប្រជាពលរដ្ឋ ដោយបានចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស និងការពិនិត្យព្យាបាលជំងឺ រួមទាំងចែកថ្នាំពេទ្យជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដោយមិនប្រកាន់និន្នាការនយោបាយ ពិសេសបំពេញការងារប្រកបដោយវិជ្ជាជីវៈ មានសម្ថភាពខ្ពស់ ក្រមសីលធម៌ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សុខុមាលភាព និងផ្តល់ស្នាមញញឹមជូនប្រជាពលរដ្ឋនៅតាម សហគមន៍មូលដ្ឋាន។
ជាមួយគ្នានោះលោក ចែម សារីម និងលោក ងួន វាសនា សូមគោរពថ្លែងអំណរគុណ និងសូមវាយតម្លៃខ្ពស់ដល់សកម្មភាពមនុស្សធម៌របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលបាននិងកំពុងចុះបំពេញបេសកកម្មនៅតាមបណ្តារាជធានី-ខេត្ត ទូទាំងប្រទេសកម្ពុជា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។
ទន្ទឹមនឹងនោះប្រជាពលរដ្ឋ៤នាក់ ក្នុងចំណោមប្រជាពលរដ្ឋទាំង៣៨៩នាក់ បានមកទទួលសេវាពិនិត្យ ព្យាបាល និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ព្រមទទួលអំណោយថ្នាំពេទ្យ បានគោរពថ្លែងអំណរគុណចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលជាគ្រូពេទ្យទេវតា តែងតែនៅជិតបងប្អូន និងយកចិត្តទុកដាក់ខិតខំប្រឹងប្រែងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រក្នុងមូលដ្ឋានរបស់ពួកគាត់ផងដែរ។
សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល១០ឆ្នាំ ០២ធ្នូ ២០១២ ដល់ ២០ មីនា ឆ្នាំ២០២២ ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានចំនួន ៥,៦៧៩នាក់ ស្ត្រីចំនួន ៣,២៣១នាក់ បានចុះពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងស្រុកឱរ៉ាល់ចំនួន ១៦៧លើក សរុបបានចំនួន ២៤៦,០៦៩នាក់, ចុះពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងខេត្តកំពង់ស្ពឺចំនួន ២១១លើក សរុបបានចំនួន ៣២៤,៩៥៤នាក់ និងបានចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃក្នុង ២៥រាជធានី-ខេត្តបានចំនួន ៣៨៤លើក ក្នុងនោះព្យាបាលជូនប្រជាពលបានចំនួន ៥,៧២៣,៣៣៦នាក់ ៕ អត្ថបទ ៖ រដ្ឋា











