លោក Mike Huckabee ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអ៊ីស្រាអែល បាននិយាយថា លោកនឹងមិនជំទាស់ទេ ប្រសិនបើអ៊ីស្រាអែលពង្រីកខ្លួននៅតំបន់មជ្ឈិមបូព៌ាភាគច្រើន ដោយសង្កត់ធ្ងន់លើអ្វីដែលលោកបានពិពណ៌នាថាជាសិទ្ធិរបស់ប្រជាជនជ្វីហ្វចំពោះដីធ្លី។
នៅក្នុងបទសម្ភាសន៍ជាមួយអ្នកអត្ថាធិប្បាយអភិរក្សនិយម លោក Tucker Carlson ដែលបានចាក់ផ្សាយកាលពីថ្ងៃសុក្រ លោក Huckabee ត្រូវបានគេសួរអំពីព្រំដែនភូមិសាស្ត្ររបស់អ៊ីស្រាអែល ដែលលោកអះអាងថាមានឫសគល់នៅក្នុងគម្ពីរសាសនាគ្រឹស្ត។

លោក Carlson បានប្រាប់លោក Huckabee ថា ខនៃគម្ពីរ បានសន្យាថានឹងផ្តល់ដីធ្លីដល់កូនចៅរបស់ Abraham រួមទាំងតំបន់រវាងទន្លេ Euphrates ក្នុងប្រទេសអ៊ីរ៉ាក់ និងទន្លេ Nile នៅក្នុងប្រទេសអេហ្ស៊ីប។
លោក Huckabee ដែលត្រូវបានតែងតាំងដោយប្រធានាធិបតី លោក Donald Trump កាលពីឆ្នាំមុនបាននិយាយថា តំបន់នោះនឹងរួមមាននៅក្នុងប្រទេសលីបង់ ស៊ីរី ហ្ស៊កដានី និងផ្នែកមួយចំនួននៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ វានឹងល្អ ប្រសិនបើពួកគេពង្រីកដល់តំបន់ទាំងអស់នោះ។
បេសកជនសហរដ្ឋអាមេរិក ដែលជាអ្នកកាន់សាសនាគ្រឹស្ត និងជាអ្នកការពារអ៊ីស្រាអែលយ៉ាងម៉ឺងម៉ាត់ ក្រោយមកទំនងជាបាននិយាយបកក្រោយពីការអះអាងរបស់លោក។ ទោះយ៉ាងណា លោកបានទុកទ្វារឱ្យបើកចំហសម្រាប់ការពង្រីកខ្លួនរបស់អ៊ីស្រាអែល ដោយផ្អែកលើការបកស្រាយសាសនារបស់លោក។
