ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងអនុប្រធានាធិបតីរបស់លោក គឺលោក JD Vance បានចាប់ផ្តើមការវាយប្រហារផ្ទាល់ទៅលើចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិក និងក្រុមគ្រួសាររបស់ពួកគេ បន្ទាប់ពីតុលាការកំពូលរបស់ប្រទេសបានលុបចោលការដំឡើងពន្ធពាណិជ្ជកម្មដែលបានដាក់ដោយសេតវិមាន។
នៅក្នុងសុន្ទរកថារយៈពេល៤៥ នាទីទៅកាន់អ្នកសារព័ត៌មាននៅសេតវិមាន ប្រធានាធិបតីសហរដ្ឋអាមេរិកបានរិះគន់យ៉ាងខ្លាំងទៅលើចៅក្រមទាំង៦រូបដែលបានចេញសេចក្តីសម្រេចប្រឆាំងនឹងគោលនយោបាយដំឡើងពន្ធរបស់លោក ក្នុងសេចក្តីសម្រេច៦ទល់នឹង៣ ដោយតុលាការកាលពីថ្ងៃសុក្រ រួមមានទាំងលោក Neil Gorsuch និងលោកស្រី Amy Coney Barrett ដែលលោក Trump បានតែងតាំងទៅកាន់តុលាការក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក។

គួរឱ្យភ្ញាក់ផ្អើល លោក Trump ក៏បានអះអាងផងដែរថា តុលាការកំពូល «បានលំអៀងដោយផលប្រយោជន៍បរទេស» ដោយពុំបានផ្តល់ភស្តុតាងណាមួយឡើយ។ ក្រោយមក លោក Trump បានសរសើរយ៉ាងយ៉ាងខ្លាំងចំពោះសមាជិកទាំងបីរូបរបស់តុលាការដែលបានជំទាស់នឹងសេចក្តីសម្រេចនេះ។
លោក Trump បាននិយាយថា «ខ្ញុំអរគុណ និងអបអរដល់ចៅក្រមផ្សេងទៀតចំពោះភាពខ្លាំង ឈ្លៀសវៃ និងសេចក្តីស្រឡាញ់របស់ពួកគេចំពោះប្រទេសយើង ដែលបច្ចុប្បន្នមានមោទនភាពយ៉ាងខ្លាំងចំពោះចៅក្រមទាំងនេះ» ។
