អភិបាលរដ្ឋ លោក J.B. Pritzker បានផ្ញើវិក្កយបត្រមួយទៅប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃសុក្រ (ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦) ដោយទាមទារទឹកប្រាក់ជិត ៩ពាន់លានដុល្លារ ជាសំណងពន្ធ សម្រាប់គ្រួសារ នៅរដ្ឋ Illinois បន្ទាប់ពីតុលាការកំពូលអាមេរិក បានសម្រេចថា ការដាក់កាតព្វកិច្ចពន្ធរបស់លោក Trump ដែលត្រូវបានពោលសរសើរយ៉ាងខ្លាំងនោះ គឺខុសច្បាប់។
លោក Pritzker ដែលជាសមាជិកគណបក្សប្រជាធិបតេយ្យ បានជំរុញឲ្យសេតវិមាន «ទូទាត់ប្រាក់» បន្ទាប់ពីចៅក្រមបានសម្រេចក្នុងសំឡេង ៦-៣ ថា លោក Trump បានទៅហួសពីសិទ្ធិអំណាចស្របច្បាប់របស់លោក ដោយការប្រើប្រាស់អំណាចបន្ទាន់ ដើម្បីដំឡើងពន្ធដែលបានផ្លាស់ប្តូរពាណិជ្ជកម្មសកល និងជំរុញឲ្យតម្លៃទំនិញក្នុងស្រុកឡើងថ្លៃ។

នៅក្នុងលិខិតដែលបានចែករំលែកជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិក លោក Pritzker បានទាមទារប្រហែល ១.៧០០ដុល្លារ សម្រាប់គ្រួសារនីមួយៗ នៅរដ្ឋ Illinois ជាចំនួនទឹកប្រាក់ដែលអ្នកជំនាញសាកលវិទ្យាល័យ Yale បានប្រាប់ថា គ្រួសារអាមេរិកជាមធ្យម នឹងចំណាយលើការបង់ពន្ធ កាលពីឆ្នាំមុន។
លោក Pritzker មិនមែនជាបុគ្គលតែម្នាក់គត់ដែលស្វែងរកការទូទាត់នេះនោះទេ ពោលគឺទាំងផ្នែកនយោបាយ និងទឹកប្រាក់ជាក់ស្ដែង សម្រាប់បញ្ហាអ្នកប្រើប្រាស់ដោយទូទៅក្នុងប្រទេស។ កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈនោះ អភិបាលរដ្ឋ California លោក Gavin Newsom ដែលជាសមាជិកបក្សប្រជាធិបតេយ្យដែរនោះ បាននិយាយថា ប្រាក់ដែលប្រមូលបានដោយការដំឡើងពន្ធរបស់លោក Trump គឺចេញពីហោប៉ៅរបស់អ្នកបោះឆ្នោតអាមេរិក ហើយគួរតែត្រូវបានសងត្រលប់វិញ៕


