យោធា បានឲ្យដឹងថា កាលពីថ្ងៃសុក្រ (ទី២០ ខែកុម្ភៈ ទី២០២៦) កងកម្លាំងអាមេរិក បានបើកការវាយប្រហារប្រឆាំងនឹងក្រុមដែលត្រូវបានចោទថា ជួញដូរគ្រឿងញៀន នៅមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត ដោយបានសម្លាប់មនុស្ស ៣នាក់។
ទីបញ្ជាការភាគខាងត្បូងសហរដ្ឋអាមេរិក បានបង្ហោះនៅលើបណ្ដាញសង្គម X ថា «ក្រុមពិសេសរួម Southern Spear បានធ្វើការវាយប្រហារដោយកម្លាំងយោធាយ៉ាងខ្លាំងក្លា លើនាវាមួយ ដែលជាកម្មសិទ្ធិរបស់អង្គការដែលត្រូវបានកំណត់ជាភេរវករ» តាមផ្លូវដែលទំនងជាប្រតិបត្តិការជួញដូរគ្រឿងញៀន ដោយបន្ថែមថា «ភេរវករគ្រឿងញៀនជាបុរស ៣នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងពេលមានវិធានការនេះ»។
ការបង្ហោះនោះ បានរួមមានទាំងវីដេអូសខ្មៅនៃការវាយប្រហារដែលបង្ហាញទិដ្ឋភាពពីលើអាកាស អំពីទូកមួយគ្រឿង មុនពេលវាត្រូវបានទម្លាក់គ្រាប់បែក ហើយឆាបឆេះដោយអណ្តាតភ្លើង។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump បានចាប់ផ្តើមកំណត់គោលដៅលើទូកដែលត្រូវបានចោទថា ដឹកគ្រឿងញៀន កាលពីដើមខែកញ្ញាឆ្នាំមុន ដោយបានសម្លាប់មនុស្សជិត ១៥០នាក់ហើយ ជារួម និងបានបំផ្លាញនាវារាប់សិបគ្រឿង ចាប់តាំងពីពេលនោះមក។
ការវាយប្រហារទាំងនេះ គឺជាផ្នែកមួយនៃយុទ្ធនាការដែលរដ្ឋបាលរបស់លោក Trump បានទទូចថា ត្រូវការជាចាំបាច់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន៕
