ភ្នំពេញ៖ រាជរដ្ឋាភិបាល បានប្រកាសយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ ដើម្បីដោះស្រាយបញ្ហាប្រឈម និងការឆ្លើយតបទៅ និងចរន្តនៃការវិវត្តន៍ថ្មីៗ ការកើនឡើងនៃតម្រូវការទីផ្សារ និងការចាប់យកកាលានុវត្តភាពវិស័យនេះ ឲ្យកាន់តែប្រសើរ ក្នុងការជម្រុញសេដ្ឋកិច្ចជាតិ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរផលិតស្បែកជើង និងកាបូបកម្ពុជា២០២២-២០២៧ នៅថ្ងៃទី២១ខែមីនា ឆ្នាំ២០២២ នេះថា ស្ថិតនៅក្នុងស្ថានភាពបច្ចុប្បន្ន ការវិវឌ្ឍថ្មីៗ ទាំងកម្រិតសកលតំបន់ និងក្នុងស្រុក អាចនឹងមានបច្ច័យដល់សេដ្ឋកិច្ចជាតិ និងវិស័យកាត់ដេររបស់កម្ពុជាដូចជា៖ បន្ទាប់ពីកម្ពុជាសម្រេចបាននូវអត្រាការចាក់វ៉ាក់សាំងខ្ពស់ ដែលបានបង្កើតបាននូវភាពស៊ាំសហគមន៍រឹងមាំ ក៏ដូចជាការបើកប្រទេស និងការបើកសង្គមសេដ្ឋកិច្ចក្នុងស្រុកពេញលេញឡើងវិញ វិស័យកាត់ដេរ បានបង្ហាញនូវសញ្ញាវិជ្ជមាននៃកំណើនឡើងវិញ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បន្តថា បើតាមកាតវាយតម្លៃចុងក្រោយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិស័យកាត់ដេរ សម្រេចបានកំណើនល្អក្នុងអត្រា ៨% ក្នុងឆ្នាំ ២០២១ ធៀបនិងកំណើនធ្លាក់ចុះក្នុងអត្រា -៦,៤% ក្នុងឆ្នាំ ២០២០ និងរំពឹងថា នឹងសម្រេចកំណើន ៨% ក្នុងឆ្នាំ ២០២២ បន្តទៀត ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើង នៃតម្រូវការខាងក្រៅ ពិសេសទីផ្សារសហរដ្ឋអាមេរិក គូបផ្សំនិងការទទួលបាននៃការបញ្ជាទិញពីប្រទេសជិតខាងក្នុងពេលចំពោះមុខ។
ចំណែក លោកឧកញ៉ា គង់ សាង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC ថ្លែងថា ខណៈដែលជម្ងឺកូវីដ ១៩ នៅកំពុងបន្ត និងការផ្ទុះឡើងបញ្ហាសង្គ្រាម រុស្សី-អ៊ុយក្រែន ដែលកំពុងកើតឡើង គឺបន្តឲ្យស្ថានភាព ពិភពលោកមានភាពមិនច្បាស់លាស់ ក្នុងនោះចំពោះការដាក់ចេញនូវយុទ្ធអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបរបស់រាជរដ្ឋាភិបាល លោកឧកញ៉ា បានគាំទ្រពេញទំហឹង ចំពោះការជម្រុញដាក់ចេញនូវ យុទ្ធសាស្រ្តនេះ ព្រោះវាជាផែនការបង្ហាញផ្លូវដ៏ច្បាស់លាស់មួយ ដែលផ្តល់នូវក្តីរំពឹងនៃការរីកលូតលាស់ក្នុង វិស័យ៉ស្សាហកម្ម ទាំងវិនិយោគិន និងកម្មករនិយោជិត។
ជុំវិញវិស័យឧស្សាហកម្មនេះ, ផ្អែកលើកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ប្រាក់ឈ្នួល និងថ្លៃផលិតកម្ម ប្រកួតប្រជែង ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម និងបរិយាកាសវិនិយោគអំណោយផល ដែលជាឧត្តមភាពប្រកួតប្រជែងដ៏រឹងមាំរបស់កម្ពុជា, វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបបានរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានក្លាយជាចន្ទល់កំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់។
ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៩០ រហូតដល់ឆ្នាំ ២០០៨, ការនាំចេញនៃវិស័យនេះ បានរួមចំណែកក្នុងទំហំប្រមាណជាង ៩៥% នៃការនាំចេញសរុបរបស់កម្ពុជា និងនៅតែរក្សាបានក្នុងកម្រិតខ្ពស់ ពោលគឺជាមធ្យមជាង ៧០% នៅក្រោយវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ ២០០៨ មកទល់នឹងបច្ចុប្បន្ន ខណៈដែលកម្ពុជាបាននិងកំពុងធ្វើ ពិពិធកម្មការនាំចេញផលិតផលផ្សេងទៀត ដូចជា កង់ គ្រឿងបន្លាស់រថយន្ត និងគ្រឿង បង្គុំអេឡិចត្រូនិកជាដើម៕អត្ថបទ៖ សុន រ៉ាឌី