ប្រទេសស៊ែប៊ីបានជំរុញឲ្យពលរដ្ឋរបស់ខ្លួននៅអ៊ីរ៉ង់ ចាកចេញពីប្រទេសនេះ «ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន» បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមចាត់វិធានការយោធា ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់សាធារណរដ្ឋឥស្លាម។
ប្រទេសបាល់កង់មួយនេះបានណែនាំជនជាតិស៊ែប៊ីរួចហើយ កាលពីពាក់កណ្តាលខែមករា ឲ្យចាកចេញពីអ៊ីរ៉ង់ ហើយកុំធ្វើដំណើរទៅទីនោះ ខណៈដែលអាជ្ញាធរមេដឹកនាំសាសនារបស់ប្រទេសនេះ បានបើកការបង្ក្រាបបង្ហូរឈាមលើចលនាតវ៉ាដ៏ធំមួយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួន ដែលបានចេញផ្សាយកាលពីយប់ថ្ងៃសុក្រ ដល់ថ្ងៃសៅរ៍ (ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ ក្រសួងការបរទេសបានឲ្យដឹងថា៖ «ដោយសារតែស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺន ពលរដ្ឋនៃសាធារណរដ្ឋស៊ែប៊ី មិនត្រូវបានណែនាំឲ្យធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ នាពេលខាងមុខឡើយ។ អ្នកទាំងអស់ដែលនៅក្នុងអ៊ីរ៉ង់ ត្រូវបានណែនាំឲ្យចាកចេញពីប្រទេសនេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
អ៊ីរ៉ង់បានប្រាប់កាលពីថ្ងៃសុក្រថា ខ្លួនសង្ឃឹមថា នឹងមានកិច្ចព្រមព្រៀងឆាប់រហ័សមួយ ជាមួយសហរដ្ឋអាមេរិក ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ដែលជាប្រភពនៃការមិនចុះសម្រុងគ្នាជាយូរមកហើយ រវាងគូអរិទាំង២។
ប៉ុន្តែបន្ទាប់ពីបានបញ្ជាឲ្យមានការបង្កើនកងទ័ពជើងទឹកដ៏ធំ នៅតំបន់មជ្ឈិមបូព៌ា ដែលមានគោលបំណងបង្កើនសម្ពាធ លើទីក្រុងតេអេរ៉ង់ លោក Trump បាននិយាយកាលពីថ្ងៃសុក្រថា លោកកំពុង «ពិចារណា» ការវាយប្រហារយោធាមានកំណត់ ប្រសិនបើការចរចាមិនទទួលបានលទ្ធផលអ្វីនោះ៕
