សមាជិកព្រឹទ្ធសភាហ្វីលីពីនម្នាក់ បានអំពាវនាវឲ្យពង្រឹងទំនាក់ទំនងការពារជាតិ និងប្រឆាំងជាបន្តបន្ទាប់ ចំពោះការទាមទាររបស់ប្រទេសចិន នៅក្នុងសមុទ្រចិនខាងត្បូង ខណៈពេលដែលបានទៅមើលកោះកម្មសិទ្ធិតូចមួយរបស់ទីក្រុងម៉ានីល នៅក្នុងផ្លូវទឹកដែលមានជម្លោះ នាថ្ងៃសៅរ៍ (ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ។
កោះ Thitu ដែលត្រូវបានគេស្គាល់ថា Pag-asa នៅក្នុងប្រទេសហ្វីលីពីន គឺជាទីរស់នៅរបស់ប្រជាជនហ្វីលីពីនប្រហែល ៤០០នាក់ ភាគច្រើនជាអ្នកនេសាទ និងក្រុមគ្រួសាររបស់ពួកគេ ជាកន្លែងដែលប្រទេសចិនចោទប្រកាន់ថា បានរស់នៅទីនោះដោយខុសច្បាប់។ កោះនេះស្ថិតនៅចម្ងាយប្រហែល ៤៥០គីឡូម៉ែត្រ នៅភាគខាងលិចនៃកោះ Palawan ដែលស្ថិតនៅក្នុងរង្វង់ខ្សែច្រវាក់កោះ Spratly ដែលមានជម្លោះ។

សមាជិកព្រឹទ្ធសភា លោកស្រី Risa Hontiveros ដែលជាអ្នករិះគន់ចិនយ៉ាងខ្លាំងក្លា បានប្រាប់សារព័ត៌មាន AFP នៅថ្ងៃសៅរ៍នេះថា លោកស្រីជឿថា ជនជាតិហ្វីលីពីនមិនទាន់ត្រៀមខ្លួនបោះបង់ចោល «ផ្នែកណាមួយនៃសមុទ្រហ្វីលីពីនខាងលិច» នោះទេ ដោយប្រើពាក្យរបស់ទីក្រុងម៉ានីល សម្រាប់ដែនទឹកនៅឆ្នេរសមុទ្រខាងលិចរបស់ខ្លួន។
លោកស្រី Hontiveros បាននិយាយបន្ទាប់ពីការធ្វើដំណើរតាមយន្តហោះជាង ២ម៉ោងជាមួយអ្នកសារព័ត៌មានក្នុងស្រុកថា «យើងត្រូវការការប្រឆាំងជាបន្តបន្ទាប់ទាំងខាងការទូត និងនយោបាយ»។
បើទោះបីជាស្វាគមន៍ចំពោះការពង្រឹងទំនាក់ទំនងសន្ធិសញ្ញារបស់ប្រទេសហ្វីលីពីន ជាមួយសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ក៏លោកស្រី Hontiveros បានបញ្ជាក់ថា ទីក្រុងម៉ានីលសង្ឃឹមថា នឹងនាំឲ្យមាន «ប្រទេសដែលមានគំនិតដូចគ្នា» កាន់តែច្រើនបន្ថែមទៀតចូលមកក្នុងរង្វង់សម្ព័ន្ធភាព៕
