នាវាផ្ទុកយន្តហោះចម្បាំង USS Gerald R. Ford របស់សហរដ្ឋអាមេរិក ត្រូវបានគេប្រទះឃើញកំពុងធ្វើនាវាចរណ៍ក្នុងដែនសមុទ្រជិតដែនដី Gibraltar របស់ចក្រភពអង់គ្លេស ស្ថិតនៅជិតតំបន់ភាគខាងជើងអាហ្វ្រិក ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានបញ្ជាក់អត្តសញ្ញាណរបស់នាវា ពីការរចនារបស់នាវាដែលផ្គូរផ្គងជាមួយរូបភាពផ្កាយរណបរបស់នាវាផ្ទុកយន្តហោះចម្បាំង USS Gerald R. Ford ។
ការប្រទះឃើញនាវាផ្ទុកយន្តហោះនេះដែរ បានកើតមានឡើងក្រោយប្រធានាធិបតិសហរដ្ឋអាមេរិកលោក Donald Trump បានបញ្ជាឲ្យបង្កើនកងកម្លាំងយ៉ាងច្រើន នៅតំបន់មជ្ឈិមបូព៌ា និងរៀបចំ សម្រាប់ការវាយប្រហារតាមអាកាសរយៈពេលច្រើនសប្តាហ៍លើអ៊ីរ៉ង់ ។

ប៉ុន្តែរូបលោកមិនបានបញ្ជាក់លម្អិតនោះឡើយដល់សាធារណជនអាមេរិកថា តើហេតុអ្វីបានជារូបលោកអាចនឹងដឹកនាំសហរដ្ឋអាមេរិកឲ្យធ្វើវិធានការយោធាខ្លាំងក្លាបំផុត ប្រឆាំងនឹងសាធារណរដ្ឋអ៊ិស្លាម គិតចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៧០ របស់ប្រទេសមួយនេះ។
ខណៈពេលនោះដែរ ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian និយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសរបស់លោកនឹងមិនឱនក្បាលជាដាច់ខាតចំពោះសម្ពាធរបស់ប្រទេសមហាអំណាចពិភពលោកនោះឡើយ ស្របពេលមានកិច្ចប្រជុំនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក ។
ដោយឡែក រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araqchi និយាយកាលពីថ្ងៃសុក្រថា លោករំពឹងថា សំណើតបវិញនឹងរួចរាល់ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត បន្ទាប់ពីជំនួប ។
ការដាក់កំហិតរបស់លោក Trump លើអ៊ីរ៉ង់នេះដែរ បានក្លាយជាគំរូដ៏ច្បាស់លាស់បំផុតនៃគោលនយោបាយបរទេសរបស់អាមេរិក រួមទាំងការប្រើប្រាស់កងកម្លាំងយោធាដ៏កម្ររបស់លោក បានស្ថិតនៅលើកំពូលរបៀបវារៈនៅក្នុងរយៈពេល ១៣ខែដំបូងនៃអាណត្តិទី ២របស់លោក ៕
