អ្នកនាំពាក្យអង្គការសហប្រជាជាតិ(UN)លោក Stephane Dujarric បានបញ្ជាក់ឡើងវិញពីក្តីបារម្ភចំពោះវោហាសាស្រ្តដ៏តានតឹង និងសកម្មភាពយោធាកើនឡើង នៅក្នុងតំបន់មជ្ឈិមបូព៌ា ។

លោក Dujarric និយាយប្រាប់សន្និសីទសារព័ត៌មានថា ពួកយើងជំរុញឲ្យសហរដ្ឋអាមេរិក និងសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ ចូលរួមវិស័យការទូត ដើម្បីដោះស្រាយការខ្វែងគំនិតគ្នារបស់ពួកគេ ។
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araqchi និយាយកាលពីថ្ងៃសុក្រថា លោករំពឹងថា សំណើតបវិញដល់សហរដ្ឋអាមេរិក នឹងរួចរាល់ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត បន្ទាប់ពីជំនួប ។
លោកបាននិយាយទៀតថា សហរដ្ឋអាមេរិកមិនបានស្វែងរកឲ្យការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមដល់កម្រិតសូន្យឡើយ អំឡុងកិច្ចចរចានុយក្លេអ៊ែរ ក្នុងសប្តាហ៍នេះ ហើយអ៊ីរ៉ង់ក៏មិនបានស្នើផ្អាកការចម្រាញ់នោះ ។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក MS NOW លោក Abbas និយាយថា អ្វីដែលពួកយើងកំពុងនិយាយឥឡូវនេះ គឺរបៀបធ្វើឲ្យប្រាកដថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ រួមទាំងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម គឺសន្តិភាព និងនៅតែសន្តិភាពជារៀងរហូត ។
សូមបញ្ជាក់ថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានផ្តល់ឱសានវាទរយៈពេល ១០-១៥ថ្ងៃដល់ទីក្រុងតេអេរ៉ង់ ឲ្យបង្កើតកិច្ចព្រមព្រៀង ដើម្បីដោះស្រាយជម្លោះនុយក្លេអ៊ែររបស់ពួកគេ បើពុំដូច្នោះទេ ពួកគេនឹងប្រឈមរឿងដ៏អាក្រក់ពិតប្រាកដ ស្របពេលការបង្កើនវត្តមានយោធាសហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ដែលបង្កឲ្យមានក្តីបារម្ភពីសង្រ្គាមទ្រង់ទ្រាយធំ ៕
