ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃសៅរ៍ថា អ៊ុយក្រែន មិនមែនជាឧបសគ្គចំពោះសន្តិភាពនោះទេ ហើយពួកយើងនឹងធ្វើអ្វីៗចាំបាច់គ្រប់បែបយ៉ាង ដើម្បីបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី ។
នៅក្នុងសុន្ទរកថាពេលយប់របស់គាត់ លោក Zelenskiy និយាយថា លោកនឹងមានជំនួបបន្ថែមទៀតជាមួយដៃគូអឺរ៉ុបនៅសប្តាហ៍ក្រោយ ហើយក្រុមមន្រ្តីអ៊ុយក្រែន កំពុងធ្វើការជាមួយសម្ព័ន្ធមិត្តនៅតំបន់មជ្ឈិមបូព៌ា និងទួរគី ដើម្បីផ្តល់ជំនួយបន្ថែមទៀត ។

លោក Zelenskiy បានអំពាវនាវឲ្យអឺរ៉ុបដើរតាមគន្លងរបស់ខ្លួន និងដាក់ទណ្ឌកម្មលើកាពីទែននាវារាប់រយនាក់ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនប្រេងរបស់រុស្ស៊ី ។
លោកបាននិយាយដែរថា កងទ័ពរបស់លោកទើបតែរំដោះបានទឹកដីជាច្រើនកន្លែង នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន ទោះបីជាទីក្រុងវ៉ាស៊ីនតោន និងមូស្គូ ដាក់សម្ពាធលើទីក្រុងគីវឲ្យប្រគល់តំបន់ផ្សេងទៀត ដើម្បីបញ្ចប់សង្គ្រាមក៏ដោយ ។
លោក Zelenskyy បញ្ជាក់ថា សហរដ្ឋអាមេរិក និងរុស្ស៊ី នៅតែទទូចឲ្យទីក្រុងគីវបោះបងតំបន់ Donbas ដែលកំពុងស្ថិតក្នុងស្ថានភាពលំបាក ជាសេណារីយ៉ូដែលអ៊ុយក្រែនបានច្រានចោលម្តងហើយម្តងទៀត ។
លោកបន្តទៀតថា អ៊ុយក្រែន ដែលកំពុងតែជួបប្រទះនឹងកង្វះខាតកម្លាំងមនុស្ស និងធនធានបើប្រៀបធៀបទៅនឹងកងកម្លាំងរុស្ស៊ី នៅតែប្រឈមនឹងសម្ពាធ ដើម្បីឲ្យប្រគល់តំបន់ Donbas ដែលជាតំបន់ឧស្សាហកម្ម និងបន្ទាយដ៏រឹងមាំមួយនៅភាគខាងកើត ដែលរុស្ស៊ីបានអះអាងថា ជារបស់ខ្លួន ៕
