ក្រុមឆ្មាំល្បាតឆ្នេរក្រិកនិយាយថា មនុស្សយ៉ាងហោច ៣នាក់ បានស្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត កំពុងបាត់ខ្លួន ក្រោយទូកឈើរបស់ពួកគេ បានលិចនៅតំបន់ឆ្នេរភាគខាងត្បូងកោះ Crete កាលពីព្រឹកថ្ងៃសៅរ៍ ។
អាជ្ញាធរក្រិកនិយាយថា ទូកឈើមួយគ្រឿង បានលិចនៅជិតភូមិ Kaloi Limenes ដែលជាភូមិតូចមួយស្ថិតក្នុងតំបន់ Heraklion ។ នាវាដឹកទូកុងតឺន័រដោតទង់ជាតិប៉ាណាម៉ា បានឆ្លើយតដំបូងគេ ដោយស្រង់មនុស្សប្រហែល ២០នាក់ចេញពីទឹកសមុទ្រ រួមទាំងជនអន្តោប្រវេសន៍មកពីប្រទេសជាច្រើន ដូចជាប្រទេសអេហ្ស៊ីប និងស៊ូដង់ ដែលត្រូវបាននាំទៅកាន់ទីសុវត្ថិភាពនៅកំពង់ផែ Kaloi Limenes ។

ឆ្មាំល្បាតឆ្នេរក្រិកនិយាយថា ប្រតិបត្តិការជួយសង្រ្គោះ និងរុករកទ្រង់ទ្រាយធំ បន្តធ្វើឡើង ដើម្បីស្វែងរកមនុស្សបាត់ខ្លួន ។
ក្រិកដែលស្ថិតនៅជ្រុងអាគ្នេយ៍នៃសហភាពអឺរ៉ុប បានក្លាយជាច្រកចូលដ៏ពេញនិយមមួយទៅកាន់អឺរ៉ុបសម្រាប់ជនអន្តោប្រវេសន៍ ហើយនិងជនភៀសខ្លួនមកពីតំបន់មជ្ឈិមបូព៌ា អាហ្វ្រិក និងអាស៊ី ៕
