សំរាមប្រមាណបួនពាន់មួយរយតោនត្រូវបានប្រមូល និងដឹកជញ្ជូនចេញនៅរាជធានីភ្នំពេញក្នុងមួយថ្ងៃ ដែលបរិមាណនេះគឺមានការកើនឡើង។
ក្រោយពីមានការកែទម្រង់លើការគ្រប់គ្រង និងការដឹកជញ្ជូនសំរាម ឃើញថានៅរាជធានីភ្នំពេញបានកើនឡើងនូវបរិមាណសំរាមគួរឱ្យកត់សម្គាល់ ដោយពីមុនការប្រមូលដឹកជញ្ជូនសំរាមបានត្រឹមតែ៣០០០តោនក្នុងមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែមកដល់ពេលនេះបរិមាណសំរាម បានកើនឡើងរហូតទៅដល់៤១០០តោនក្នុងមួយថ្ងៃ ទោះបីកើនឡើងបែបនេះក៏មិនបានធ្វើឱ្យរាជធានីភ្នំពេញមានគំនរសំរាមគរដូចមុនទៀតទេ។
នេះបើតាមការលើកឡើងរបស់លោក ហួត ហៃ អភិបាលរងរាជធានី ខណៈលោកអញ្ជើញជាតំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សាមគ្គីដើម្បីទីក្រុងស្អាត” នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលធ្វើឡើងនៅបរិវេណសួនច្បារតេជោមាស តេជោយ៉ត ខណ្ឌដូនពេញ ហើយពិធីនេះក៏បានបែងចែកក្រុមការងារជា៣ក្រុម ដោយមានប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញចូលរួម ដើម្បីសម្អាតអនាម័យបរិស្ថាន នៅសួនច្បារមាត់ទន្លេ និងសួនច្បារនានាផងដែរ។
លោក ហួត ហៃ មានប្រសាសន៍ថា កម្មវិធីនេះធ្វើឡើង ក្នុងគោលបំណងសម្អាតរាជធានីភ្នំពេញឱ្យកាន់តែស្អាតល្អ មានអនាម័យ បរិស្ថានល្អ ទោះបីរាជធានីភ្នំពេញមានអនាម័យបរិស្ថានល្អប្រើសើរមួយកម្រិតហើយក្តី។ កម្មវិធីនេះក៏មានបំណងដើម្បីបញ្ជ្រាបនូវការយល់ដឹងទៅដល់ប្រជាពលរដ្ឋឱ្យចេះទុកដាក់សំរាមបានត្រឹមត្រូវ ទៅតាមម៉ោង តាមពេលដែលរដ្ឋបាលរាជធានីភ្នំពេញបានកំណត់។
លោក ហួត ហៃ បានបញ្ជាក់ថា ដើម្បីឱ្យរាជធានីភ្នំពេញមានអនាម័យ បរិស្ថានល្អ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការកែទម្រង់ជាច្រើនរហូតមានការកែទម្រង់ពីក្រុមហ៊ុនដឹកសំរាមតែមួយដាច់មុខ មកជាការប្រមូលសំរាមដោយមានការប្រកួតប្រជែងគ្នារហូត ៣ក្រុមហ៊ុន៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា








