មន្រ្តីនរគលបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា សាកសពជនអន្តោប្រវេសន៍យ៉ាងហោច ៥នាក់ បានរសាត់អណ្តែតមកទើរលើឆ្នេរនៅភាគខាងកើតរដ្ឋធានីទ្រីប៉ូលី ប្រទេសលីប៊ី ។
វីដេអូទទួលបានដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញសាកសពជនអន្តោប្រវេសន៍ ៣នាក់ ដេកដួលលើឆ្នេរ Emhamid Al-Sharif ស្ថិតនៅភាគខាងលិចទីក្រុង Qasr Al-Akhyar គឺជាទីក្រុងតំបន់ឆ្នេរមួយស្ថិតនៅចម្ងាយប្រហែល ៧៣គ.ម ភាគខាងកើតទីក្រុងទ្រីប៉ូលី ។

មន្រ្តីនគរបាលនៅកន្លែងកើតហេតុ កំពុងពិនិត្យសាកសព ក្នុងនោះសាកសពមនុស្សម្នាក់ មានពាក់អាវពោង ។
លោក Hassan Al-Ghawil គឺជាប្រធានក្រុមស៊ើបអង្កេតនៅស្នងការនគរបាលក្រុង Qasr Al-Akhyar និយាយថា ដោយយោងតាមសម្តីរបស់មនុស្សនៅតំបន់នោះ សាកសពក្មេងម្នាក់ បានអណ្តែត មកទើរលើឆ្នេរ ហើយដោយសារតែរលកបោកបក់ខ្លាំង សាកសពក្មេងម្នាក់នោះ ក៏រសាត់ត្រឡប់ចូលក្នុងសមុទ្រវិញ ហើយឆ្មាំល្បាតឆ្នេរ ត្រូវបានស្នើសុំឲ្យស្វែងរកសពក្មេងម្នាក់នោះ ។
លោក Ghawil បន្តថា សាកសពមនុស្សទាំងអស់នោះ គឺជាជនជាតិស្បែកខ្មៅ ។ សាកសពនោះត្រូវបានប្រទះឃើញនៅលើឆ្នេរ Emhamid Al-Sharif ដោយមនុស្សដែលបានរាយការណ៍ប្រាប់ស្នងការនគរបាលក្រុង Qasr Al-Akhyar ។
សូមបញ្ជាក់ថា លីប៊ី បានក្លាយជាផ្លូវឆ្លងកាត់សម្រាប់អន្តោប្រវេសន៍ដែលរត់ភៀសខ្លួនចេញពីជម្លោះ និងភាពក្រីក្រ ទៅកាន់អឺរ៉ុប ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ចាប់តាំងពីការដួលរលំរបស់មេដឹកនាំ ផ្តាច់ការ Muammar Gaddafi កាលពីឆ្នាំ ២០១១ ៕
