សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីអាមេរិក Joe Biden និងសម្ព័ន្ធមិត្តសហភាពអឺរ៉ុបបានពិភាក្សាពីសង្គ្រាមដ៏ឃោរឃៅរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទ ជាការចាប់ផ្ដើមសប្ដាហ៍ដ៏សំខាន់ក្នុងភាពជាប់គាំងរបស់បណ្ដាប្រទេសលោកខាងលិចជាមួយទីក្រុង Moscow ដែលនឹងមើលឃើញលោក Biden ទៅកាន់ប្រទេសប៉ូឡូញ បន្ទាប់ពីចូលរួមជំនួបកំពូលអង្គការណាតូ និងសហភាពអឺរ៉ុប។
សេតវិមាននិយាយថា លោក Biden បានរៀបចំជំនួបតាមទូរស័ព្ទដែលមានរយៈពេលជិតមួយម៉ោង ជាមួយលោកប្រធានាធិបតីបារាំង Emmanuel Macron, អធិការបតីអាល្លឺម៉ង់លោក Olaf Scholz, នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario Draghi និងនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson ដើម្បីពិភាក្សាពីការឆ្លើយតបទាំងឡាយដែលបានសម្របសម្រួល។ សេតវិមានបាននិយាយថា មេដឹកនាំទាំងនោះបានពិភាក្សាពីក្ដីបារម្ភធ្ងន់ធ្ងររបស់ខ្លួន អំពីមធ្យោបាយដ៏ឃោរឃៅរបស់រុស្ស៊ីនៅអ៊ុយក្រែន រួមទាំងការវាយប្រហាររបស់ខ្លួនលើជនស៊ីវិល។ សេតវិមានបន្តថា មេដឹកនាំទាំងអស់បានគូសបញ្ជាក់ពីការគាំទ្រដែលនៅតែបន្តរបស់ខ្លួនដល់អ៊ុយក្រែន រួមទាំងការផ្ដល់ជំនួយសន្តិសុខទៅកាន់ប្រជាពលរដ្ឋអ៊ុយក្រែនដ៏អង់អាច ដែលកំពុងការពារប្រទេសពួកគេពីការវាយប្រហាររបស់រុស្ស៊ី និងជំនួយមនុស្សធម៌ទៅកាន់ជនជាតិអ៊ុយក្រែនរាប់លាននាក់ដែលបានរត់ភៀសខ្លួន។
នៅថ្ងៃពុធស្អែកនេះលោក Biden នឹងចាកចេញពីសហរដ្ឋអាមេរិកសម្រាប់ដំណើរដ៏សំខាន់បំផុតរបស់លោក ទៅកាន់បរទេសក្នុងពេលកាន់ដំណែងជាប្រធានាធិបតីរបស់លោក។ លោកនឹងចូលរួមជំនួបកំពូល ២ នៅថ្ងៃព្រហស្បតិ៍នៅទីក្រុង Brussels បន្ទាប់មកនឹងជួបប្រធានាធិបតីប៉ូឡូញលោក Andrzej Duda ក្នុងប្រទេសប៉ូឡូញ ស្ថិតនៅខ្សែត្រៀមជួរមុខនៃការប្រឈមរបស់លោកខាងលិចជាមួយរុស្ស៊ីនៅថ្ងៃសៅរ៍៕
អត្ថបទ៖ សុខមាន