យោធាអ៊ុយក្រែន និងមន្ត្រីមូលដ្ឋានបាននិយាយនៅថ្ងៃអាទិត្យ (ទី ២២ ខែកុម្ភៈ) នេះថា រុស្ស៊ីបានវាយប្រហារអ៊ុយក្រែនជាមួយយានដ្រូនរាប់សិបគ្រឿង និងមីស៊ីលបាលីស្ទីក និងមីស៊ីលតម្រង់គោលដៅ ដោយកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល។

ពួកគេនិយាយថា ការវាយប្រហារពេញមួយយប់ ត្រូវបានធ្វើឡើងទៅទីក្រុងគីវ និងតំបន់ជុំវិញរដ្ឋធានី កំពង់ផែសមុទ្រខ្មៅ Odesa និងភាគកណ្តាលអ៊ុយក្រែន។
រូបភាពវីដេអូរបស់សារព័ត៌មានរ៉យទ័រពីរដ្ឋធានីគីវ បានបង្ហាញថា ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនស្ទាក់ចាប់មីស៊ីលជាច្រើនគ្រាប់ពីខាងលើទីក្រុងនេះ។
អភិបាលតំបន់លោក Mykola Kalashnyk បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegramថា យ៉ាងហោចណាស់មនុស្សម្នាក់ បានរងរបួសនៅក្នុងតំបន់គីវ ដោយមានការខូចខាត ត្រូវបានរាយការណ៍នៅក្នុងស្រុកចំនួន ៥ ដែលមានផ្ទះជាងដប់ខ្នង ត្រូវបានខូចខាត៕
