អ្នកសម្របសម្រួលមួយរូបបាននិយាយកាលពីថ្ងៃអាទិត្យ២២កុម្ភៈថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងធ្វើកិច្ចចរចានុយក្លេអ៊ែរជុំបន្ទាប់របស់ខ្លួននៅថ្ងៃព្រហស្បតិ៍២៦កុម្ភៈសប្ដាហ៍នេះ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ខណៈសាធារណរដ្ឋអ៊ីស្លាមប្រឈមនឹងការគំរាមកំហែងនៃការវាយប្រហារដោយយោធារបស់សហរដ្ឋអាមេរិក និងការតវ៉ាថ្មីៗនៅក្នុងស្រុក។

រដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Badr al-Busaidi បានបញ្ជាក់ពីកិច្ចចរចានេះ។ អូម៉ង់ធ្លាប់បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាដោយប្រយោលលើកម្មវិធីនុយក្លេអ៊ែររបស់សាធារណរដ្ឋអ៊ីស្លាម និងបានសម្របសម្រួលជុំចុងក្រោយនៅទីក្រុងហ្សឺណែវ កាលពីសប្តាហ៍មុន។
ពុំមានការអត្ថាធិប្បាយភ្លាមៗពីរដ្ឋបាលលោក Trump ដែលបានបង្កើនវត្តមានយោធាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ាក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះនោះទេ ខណៈខ្លួនជំរុញគូប្រជែងយូរអង្វែងរបស់ខ្លួនឱ្យមានសម្បទានលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងបញ្ហាច្រើនទៀត។
មិនយូរប៉ុន្មានមុនពេលការប្រកាសរបស់អូម៉ង់ ប្រមុខការទូតរបស់អ៊ីរ៉ង់ លោក Abbas Araghchi បានប្រាប់ទូរទស្សន៍ CBS ក្នុងបទសម្ភាសន៍មួយថា លោករំពឹងថានឹងជួបជាមួយបេសកជនសហរដ្ឋអាមេរិក លោក Steve Witkoff នៅទីក្រុងហ្សឺណែវនៅថ្ងៃព្រហស្បតិ៍ ហើយបាននិយាយថាឱកាសល្អ នៅតែមានសម្រាប់ដំណោះស្រាយការទូតលើបញ្ហានុយក្លេអ៊ែរ។
កាលពីសប្ដាហ៍មុនលោកTrump បានព្រមានអ៊ីរ៉ង់ជាថ្មីម្ដងទៀតថា ទីក្រុងតេអេរ៉ង់ត្រូវតែធ្វើកិច្ចព្រមព្រៀងលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ពុំនោះរឿងអាក្រក់ៗ នឹងកើតឡើង ហើយលោកបានដាក់ឱសានវាទចន្លោះពី ១០ ទៅ ១៥ ថ្ងៃ ដើម្បីសម្រេចបាន ដែលបានទាក់ទាញការគំរាមពីទីក្រុងតេអេរ៉ង់ថា ខ្លួននឹងសងសឹកមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់ បើរងការវាយប្រហារ៕


