អឺរ៉ុប៖ ក្រុមរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបពុំបានឯកភាពគ្នាទេកាលពីថ្ងៃចន្ទលើបញ្ហាថា តើត្រូវដាក់ទណ្ឌកម្មលើការនាំចូលប្រេងពីរុស្ស៊ីឬអត់ និងថាតើត្រូវដាក់ទណ្ឌកម្មលើវិស័យថាមពលដ៏សំខាន់របស់រុស្ស៊ីបែបណា ជុំវិញការវាយលុករបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ខណៈប្រទេសអាល្លឺម៉ង់និយាយថា ការពឹងផ្អែកខ្លាំងពេករបស់ប្លុកនេះលើប្រេងរបស់រុស្ស៊ី វាពិបាកក្នុងការសម្រេចចិត្តលើបម្រាមនាំចូលប្រេងពីប្រទេសរុស្ស៊ី។

សហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តបានដាក់វិធានការយ៉ាងធ្ងន់ធ្ងររួចទៅហើយប្រឆាំងនឹងប្រទេសរុស្ស៊ី រួមទាំងការបង្កកទ្រព្យសម្បត្តិរបស់ធនាគារកណ្ដាលរុស្ស៊ីទៀតផង។ ការហ៊ុមព័ទ្ធ និងការទម្លាក់គ្រាប់បែកលើកំពង់ផែ Mariupol ដែលប្រធានគោលនយោបាយបរទេសសហភាពអឺរ៉ុបលោក Josep Borrell បានហៅថា ជាឧក្រិដ្ឋកម្មសង្គ្រាមដ៏ធំកំពុងបង្កើនសម្ពាធយ៉ាងខ្លាំងចំពោះសកម្មភាពនេះ។ ប៉ុន្តែការដាក់គោលដៅលើការនាំចូលថាមពលពីរុស្ស៊ី ខណៈសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានធ្វើរួចទៅហើយ គឺជាជម្រើសមួយពោរពេញដោយការខ្វែងគំនិត សម្រាប់ប្លុកមានសមាជិក ២៧ប្រទេសដែលពឹងផ្អែកលើការនាំចូលឧស្ម័ន ៤០% ពីរុស្ស៊ី៕
អត្ថបទ៖ សុខមាន