លោកប្រធានាធិបតី Donald Trump បានជំរុញសហរដ្ឋអាមេរិកឱ្យឈានដល់មាត់ជ្រោះនៃសង្គ្រាមជាមួយអ៊ីរ៉ង់ ទោះក្រុមមន្ត្រីជំនិតៗ ជំរុញឱ្យរូបលោកផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការព្រួយបារម្ភផ្នែកសេដ្ឋកិច្ចរបស់អ្នកបោះឆ្នោត ដោយបង្ហាញពីហានិភ័យនយោបាយនៃការកើនឡើងយោធាមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំនេះក៏ដោយ។

ការផ្តោតអារម្មណ៍របស់លោក Trump លើអ៊ីរ៉ង់បានលេចចេញជាឧទាហរណ៍ដ៏ច្បាស់បំផុតអំពីរបៀបដែលគោលនយោបាយការបរទេស រួមទាំងការកើនឡើងនៃការប្រើប្រាស់កម្លាំងយោធាឆៅៗរបស់លោក បានឈរនៅលើកំពូលនៃរបៀបវារៈរបស់លោកក្នុងរយៈពេល១៣ ខែដំបូងនៃអាណត្តិទីពីររបស់លោក ដែលជារឿយៗគ្របដណ្ដប់លើបញ្ហាក្នុងស្រុកដូចជាការចំណាយខ្ពស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃជាដើម ដែលការស្ទង់មតិសាធារណៈបង្ហាញថា ជាអាទិភាពខ្ពស់ជាងគេសម្រាប់ជនជាតិអាមេរិកភាគច្រើន។
មន្ត្រីជាន់ខ្ពស់មួយរូបរបស់សេតវិមានបាននិយាយថា ទោះបីជាមានវោហារសាស្ត្រដ៏ខ្លាំងក្លារបស់លោក Trump ក៏ដោយ ក៏នៅតែមិនមានការគាំទ្រជារួមនៅក្នុងរដ្ឋបាលដើម្បីអនុញ្ញាតឲ្យមានការវាយប្រហារលើអ៊ីរ៉ង់ដែរ។
មន្ត្រីរូបនោះបានប្រាប់សារព័ត៌មាន Reuters ដោយសុំមិនបញ្ចេញឈ្មោះថា ក្រុមមន្ត្រីជំនិតរបស់លោក Trump ក៏ដឹងអំពីភាពចាំបាច់ក្នុងការជៀសវាងការផ្ញើ "សាររំខាន" ទៅកាន់អ្នកបោះឆ្នោតមិនទាន់សម្រេចចិត្ត ដែលមានការព្រួយបារម្ភកាន់តែខ្លាំងអំពីសេដ្ឋកិច្ច នោះដែរ។
ក្រុមទីប្រឹក្សាសេតវិមាន និងមន្ត្រីយុទ្ធនាការរបស់គណបក្សសាធារណរដ្ឋចង់ឱ្យលោក Trump ផ្តោតលើសេដ្ឋកិច្ច ជាចំណុចមួយដែលត្រូវបានសង្កត់ធ្ងន់ថាជាបញ្ហាយុទ្ធនាការកំពូលនៅក្នុងសន្និសីទឯកជនមួយកាលពីសប្តាហ៍មុនដោយមានការចូលរួមពីគណៈរដ្ឋមន្ត្រីជាច្រើនរូប តែលោក Trump ពុំបានមានវត្តមាននោះទេ៕


