កីឡាជាតិ៖ លោកសាស្ត្រាចារ្យ Yong-Kyu Ahn ប្រធានសាកលវិទ្យាល័យកីឡាជាតិកូរ៉េ អមដំណើរដោយមន្ដ្រីផ្សេងទៀតបានធ្វើដំណើរមកដល់កម្ពុជាកាលពីរាត្រីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ដើម្បីបំពេញបំពេញទស្សនកិច្ច ពិសេសត្រៀមធ្វើការចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ដើម្បីកិច្ចសហប្រតិបត្តិការមួយចំនួនរវាងសាកលវិទ្យាល័យរដ្ឋទាំងពីរ។

ដំណើរមកដល់កម្ពុជានេះបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅពីសំណាក់ឯកឧត្ដម អ៊ុក សិទ្ធិជាតិ អគ្គនាយក អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា រួមទាំងឯកឧត្ដមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ តាមការបញ្ជាក់បេសកកម្មរបស់ប្រតិភូសាកលវិទ្យាល័យកីឡាជាតិកូរ៉េ នៅកម្ពុជានេះគឺមានរយៈពេល ៤ថ្ងៃពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ហើយនៅថ្ងៃទី២៣ ខែមីនាស្អែកនេះ លោកសាស្ដ្រាចារ្យ Yong-Kyu Ahn នឹងចុះអនុស្សារណៈយោគយល់គ្នាជាមួយឯកឧត្តមបណ្ឌិត ជេត ជាលី លើរបៀបវារៈសំខាន់ៗមួយចំនួនដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យកីឡាជាតិកូរ៉េ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ក្រៅពីការចុះ MOU ប្រតិភូសាកលវិទ្យាល័យកីឡាជាតិកូរ៉េដដែល ក៏នឹងធ្វើដំណើរទស្សនកិច្ចតាមទីលានហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជាមួយចំនួន ទាំងនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងពហុកីឡដ្ឋានជាតិមរតកតេជោដូចជាទីលានហ្វឹកហាត់កីឡាអត្តពលកម្ម តេក្វាន់ដូ WT យូដូ គុនដាវ និងកីឡាប្រដាល់សកលជាដើម៕
អត្ថបទ៖ លី ឈុនឡា