ហែលទឹក៖ ក្នុងកិច្ចសម្ភាសកម្មវិធីផ្ទះស៊ីហ្គេម ២០២៣ របស់ ប៊ីធីវី កីឡាករ អ៊ួង លីហេង ជម្រើសជាតិហែលទឹកកម្ពុជាបានបញ្ជាក់ថា ហេតុផលអ្វីដែលគេចូលហាត់កីឡាហែលទឹកគឺកើតឡើងដោយក្តីស្រឡាញ់តាំងពីក្មេង ហើយពីមុនរូបគេជាអ្នកដែលតែងតែមកមើលគេហាត់ហែលទឹក និងប្រកួតហែលទឹកនៅពហុកីឡដ្ឋានជាតិ។
លីហេង វ័យ ១៩ឆ្នាំ និងចាប់កំណើតនៅរាជធានីភ្នំពេញបានបង្ហាញក្តីរីករាយ និងរំភើបដែលបានជាប់ជាជម្រើសជាតិហែលទឹក និងត្រូវទៅចូលរួមការប្រកួតស៊ីហ្គេម ២០២១ នាខែឧសភាខាងមុខនៅប្រទេសវៀតណាម និងស៊ីហ្គេម ២០២៣ នៅកម្ពុជា ខណៈដែលរូបគេទទួលបានការហ្វឹកហាត់យ៉ាងតឹងរ៉ឹង។ ចំពោះមុខកីឡាករ អ៊ួង លីហេង ក៏ដូចជាកីឡាករ-កីឡាការិនីហែលទឹកផ្សេងទៀត សុទ្ធតែបានត្រៀមលក្ខណៈរួចរាល់ហើយសម្រាប់ស៊ីហ្គេម លទ្ធផលយ៉ាងណាគេមិនទាន់បញ្ជាក់បាននៅឡើយនោះទេ តែនឹងខំឱ្យអស់ពីសមត្ថភាព។
ដើម្បីទៅចូលរួមការប្រកួតស៊ីហ្គេមនៅវៀតណាមកំឡុងខែឧសភាខាងមុខ និងស៊ីហ្គេមនៅកម្ពុជាឆ្នាំ២០២៣ សហព័ន្ធខ្មែរកីឡាហែលទឹកបានប្រមូលផ្តុំកីឡាករ-កីឡាការិនី ២៣នាក់ ហើយពេលនេះកីឡាករ-កីឡាការិនីកំពុងបោះជំរុំហ្វឹកហាត់នៅខេត្តបាត់ដំបង៕
អត្ថបទ៖ គង់ ហួន