ស្ថិតក្នុងចលនា «យើងរួមគ្នាដើម្បីជាតិ» សាលារៀននៅរាជធានីភ្នំពេញមួយចំនួន បានប្រមូលផល បន្លែបង្ការ ជុំទី២ ជាបន្តបន្ទាប់ ដើម្បីយកទៅផ្គត់ផ្គង់វីរកងទ័ព នគរបាលជួរមុខ និងពលរដ្ឋភៀសសឹក។

លោក អេង ស្រ៊ូ នាយកស្តីទីសាលាបឋមសិក្សាព្រែកឯង ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភៈ នេះ បានប្រាប់BTVឲ្យដឹងថា គិតមកដល់ពេលនេះ បន្លែដែលបានដាំនៅក្នុងសាលារៀន មានការលូតលាស់ល្អ និងបានប្រមូលផលបន្លែ ជុំទី២ជាបន្តបន្ទាប់ ដើម្បីយកទៅផ្គត់ផ្គង់ទៅវីរកងទ័ព នគរបាលជួរមុខ និងពលរដ្ឋភៀសសឹក។
លោកបន្តថា បន្លែដែលបានប្រមូលផលជុំទី២នេះ មានដូចជាស្ពៃខ្មៅ និងត្រកួន រីឯបន្លែខាត់ណា ក៏ជិតប្រមូលផលផងដែរ។ លោកបានបន្តទៀតថា ក្នុងនាមអ្នកសមរភូមិជួរក្រោយ គឺតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះអ្នកនៅសមរភូមិជួរមុខ និងពលរដ្ឋភៀសសឹក។

សិស្សសាលាបឋមសិក្សាព្រែកឯង បាននិយាយថា ជារៀងរាល់ថ្ងៃ ពួកគេបានខិតំថែទាំបន្លែទាំង អស់នេះ ហើយនៅពេលឃើញបន្លែលូតលាស់ល្អ គឺមានអារម្មណ៍រីករាយ ព្រោះថាបន្លែទាំងអស់នេះនឹងយកទៅជូនអ្នកនៅសមរភូមិជួរមុខទទួលទានដើម្បីឱ្យសុខភាពពួកគាត់ល្អ។
បើតាមរបាយការណ៍របស់មន្ទីរអប់រំយុវជន និងកីឡា បាននឱ្យដឹងថា ស្ថិតក្នុងចលនា «យើងរួមគ្នា ដើម្បីជាតិ» មានសាលារៀនចំនួន១៩៥នៅទូទាំងរាជធានីភ្នំពេញ បានចូលរួមដាំបន្លែបង្ការហើយបានប្រមូលផលបន្លែជុំទី១ និងជុំទី២ ជាបន្តបន្ទាប់។
គួរបញ្ជាក់ដែរថា ចលនា “យើងរួមគ្នាដើម្បីជាតិ” ផ្តួចផ្តើមគំនិត ដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងគោលបំណងផុសសកម្មភាពដាំបន្លែដែលអាចឆាប់ប្រមូលផលបាន នៅតាមសាលារៀន ផ្ទះសំបែង វត្តអារាម និងដីសហគមន៍ សំដៅកសាងកសិផលជាតិ ដើម្បីទ្រទ្រង់ដល់វីរៈកងទ័ព វីរៈនគលបាលជួរមុខការពាព្រំដែន និងជនភៀសសឹក ដោយសារការឈ្លានពានពីប្រទេសថៃ៕ អត្ថបទ៖ ទូច សោភ័ណ












