លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃអាទិត្យថា ការអភិវឌ្ឍកងកម្លាំងនុយក្លេអ៊ែររបស់រុស្ស៊ី នាពេលបច្ចុប្បន្ន គឺជា «អាទិភាពដាច់ខាត» បន្ទាប់ពីការផុតកំណត់នៃសន្ធិសញ្ញានុយក្លេអ៊ែរចុងក្រោយដែលនៅសល់ជាមួយសហរដ្ឋអាមេរិក។

លោក ពូទីន បាននិយាយនៅក្នុងសារវីដេអូមួយថា៖ «ការអភិវឌ្ឍនៃក្រុមនុយក្លេអ៊ែរចំនួនបី ដែលធានាសន្តិសុខរបស់រុស្ស៊ី និងធានានូវការទប់ស្កាត់ជាយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព និងតុល្យភាពនៃកងកម្លាំង នៅក្នុងពិភពលោក នៅតែជាអាទិភាពដាច់ខាត»។

សុន្ទរកថារបស់លោក បានធ្វើឡើងនៅ «ទិវាអ្នកការពារមាតុភូមិ» របស់រុស្ស៊ី ជាថ្ងៃឈប់សម្រាកមួយ ដែលជាឱកាសសម្រាប់ភាពរុងរឿងផ្នែកយោធា និងស្នេហាជាតិដែលគាំទ្រដោយវិមានក្រឹមឡាំង។
លោក ពូទីន បានប្តេជ្ញាថា នឹងបន្ត «ពង្រឹងកងទ័ព និងកងទ័ពជើងទឹក» និងទាញយកបទពិសោធយោធាពីជម្លោះជិត ៤ឆ្នាំ នៅអ៊ុយក្រែន។
លោកបាននិយាយថា គ្រប់ផ្នែកទាំងអស់នៃកងកម្លាំងប្រដាប់អាវុធ នឹងត្រូវបានធ្វើឲ្យប្រសើរឡើង រួមទាំង «ការត្រៀមខ្លួនប្រយុទ្ធ ការចល័តរបស់ពួកគេ និងសមត្ថភាពរបស់ពួកគេ ក្នុងការធ្វើប្រតិបត្តិការគ្រប់លក្ខ ខណ្ឌទាំងអស់ ទោះបីស្ថិតនៅក្នុងស្ថានភាពលំបាកបំផុតក៏ដោយ»។
ការអត្ថាធិប្បាយរបស់លោក ពូទីន បានកើតឡើងត្រឹមតែពីរថ្ងៃ មុនខួបលើកទី ៤ នៃការវាយប្រហាររបស់ រុស្ស៊ីលើអ៊ុយក្រែន ដែលបានបង្កឲ្យមានសង្គ្រាមមួយដែលបានបំផ្លាញទីក្រុងនានា បង្ខំឲ្យមនុស្សរាប់លាននាក់រត់ភៀសចេញពីផ្ទះសម្បែង និងសម្លាប់មនុស្សយ៉ាងច្រើននៅទាំងសង់ខាង៕