អ្នកទោសនយោបាយវ៉េណេស៊ុយអេឡាជាង ២០០ នាក់ បានធ្វើកូដកម្មអត់អាហារ កាលពីថ្ងៃអាទិត្យ ដើម្បីទាមទារឲ្យមានការដោះលែងពួកគេ ក្រោមច្បាប់លើកលែងទោសថ្មី ដែលមិនរាប់បញ្ចូលពួកគេជាច្រើននាក់។

អ្នកសារព័ត៌មាន AFP ម្នាក់ បានអះអាងថា អ្នកទោសនៅពន្ធនាគារ Rodeo I មានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រ (២៥ ម៉ាយ) ភាគខាងកើតនៃរដ្ឋធានីការ៉ាកាស បានស្រែកទៅកាន់មនុស្សជាទីស្រលាញ់របស់ពួកគេ ដែលជាផ្នែកមួយនៃការតវ៉ានេះ។

អ្នកទោសទាំងនោះ បានស្រែកថា៖«សេរីភាព!» «សូមដោះលែងយើងទាំងអស់គ្នា!» និង « ពន្ធនាគារ Rodeo I ធ្វើកូដកម្ម» គឺជាសំឡេងស្រែករបស់ពួកគេ ដែលអាចឮពីខាងក្រៅមន្ទីរឃុំឃាំង។
ច្បាប់លើកលែងទោសនេះ ត្រូវបានអនុម័តដោយសភាវ៉េណេស៊ុយអេឡា កាលពីថ្ងៃព្រហស្បតិ៍ ដែលជាផ្នែកមួយនៃរលកនៃការកែទម្រង់ដែលលើកទឹកចិត្តដោយសហរដ្ឋអាមេរិក បន្ទាប់ពីប្រទេសនេះ បាន បណ្តេញ និងចាប់ខ្លួនអតីតប្រធានាធិបតី លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) នៅថ្ងៃទី ០៣ ខែមករា។
កូដកម្មអត់អាហារ ដែលបានចាប់ផ្តើមកាលពីយប់ថ្ងៃសុក្រ បានកើតឡើង បន្ទាប់ពីអ្នកទោសបានត្អូញត្អែរថា ពួកគេនឹងមិនទទួលបានអត្ថប្រយោជន៍ពីច្បាប់នោះទេ ព្រោះវារាប់បញ្ចូលករណីដែលពាក់ព័ន្ធនឹងយោធា ដែលជាករណីទូទៅបំផុតនៅក្នុងមណ្ឌលឃុំឃាំងនោះ៕