ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva និយាយថាប្រទេសរបស់លោក មិនចង់បាន «សង្គ្រាមត្រជាក់ថ្មីទេ» មុនពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហរដ្ឋអាមេរិក។

លោក Lula បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោកទៅកាន់ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យថា «ខ្ញុំចង់ប្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ថា យើងមិនចង់បានសង្គ្រាមត្រជាក់ថ្មីទេ។ យើងមិនចង់បានការជ្រៀតជ្រែកនៅក្នុងប្រទេសផ្សេងទៀតទេ ហើយយើងចង់ឱ្យប្រទេសទាំងអស់ត្រូវបានប្រព្រឹត្តដោយស្មើភាពគ្នា»។

ប្រធានាធិបតីប្រេស៊ីល បានបដិសេធមិនធ្វើអត្ថាធិប្បាយលើសេចក្តីសម្រេចរបស់តុលាការកំពូលសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រដែលបានលុបចោលការដំឡើងពន្ធជាច្រើនរបស់លោក Trump លើទំនិញដែលនាំចូលទៅសហរដ្ឋអាមេរិក។ ក្នុងការឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់តុលាការកំពូល លោក Trump បាននិយាយថា ការដំឡើងពន្ធ១៥ ភាគរយ នឹងដាក់ជំនួសនៅក្រោមច្បាប់ផ្សេងទៀត។
ទោះជាយ៉ាងណា លោក Lula ជឿជាក់ថាទំនាក់ទំនងប្រេស៊ីល-សហរដ្ឋអាមេរិកនឹងត្រឡប់ទៅរកភាពប្រក្រតីវិញក្រោយការសន្ទនា ហើយប្រទេសប្រេស៊ីលគ្រាន់តែចង់ «រស់នៅក្នុងសន្តិភាព បង្កើតការងារ និងធ្វើឲ្យជីវិតរបស់ប្រជាជនល្អប្រសើរ»។ លោកបាននិយាយបន្ថែមថា «ពិភពលោកមិនត្រូវការភាពវឹកវរបន្ថែមទៀតទេ ពិភពលោកត្រូវការសន្តិភាព» ហើយលោករំពឹងថានឹងជួបជាមួយ លោក Trump ក្នុងអំឡុងសប្តាហ៍ដំបូងនៃខែមីនា ដោយរបៀបវារៈរបស់លោកនឹងរួមបញ្ចូលបញ្ហាពាណិជ្ជកម្ម អន្តោប្រវេសន៍ និងការវិនិយោគ។