អ៊ុយក្រែននិយាយថា កងកម្លាំងរុស្ស៊ីបានវាយប្រហារស្ថានីយ៍រថភ្លើង និងស្ថានីយ៍ផលិតទឹកនៅក្នុងប្រទេសអ៊ុយក្រែន នៅមុនខួបបួនឆ្នាំនៃការឈ្លានពានដោយយោធារបស់ទីក្រុងមូស្គូ។ កងទ័ពអាកាសអ៊ុយក្រែននិយាយថា កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារលើរដ្ឋធានីគីវ និងកន្លែងផ្សេងទៀតរហូតដល់ថ្ងៃអាទិត្យ។ អ៊ុយក្រែននិយាយថា កងកម្លាំងទាំងនោះបានប្រើប្រាស់មីស៊ីល៥០គ្រាប់ និងយានដ្រូនជិត ៣០០ គ្រឿង។

អាជ្ញាធរតំបន់ទីក្រុងគីវ រាយការណ៍ថា មនុស្សម្នាក់បានស្លាប់ និង ១៧ នាក់ផ្សេងទៀត រួមមានទាំងកុមារ ៤ នាក់បានរងរបួស។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានបង្ហោះសារមួយនៅលើបណ្តាញផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យ ថា រុស្ស៊ីមិនត្រឹមតែកំណត់គោលដៅលើស្ថានីយ៍ថាមពលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថានីយ៍រថភ្លើង និងស្ថានីយ៍ផលិតទឹកផងដែរ។

លោកបានថ្កោលទោសទីក្រុងមូស្គូចំពោះការបន្តដាក់គោលដៅវាយប្រហារ ជាជាងដំណោះស្រាយផ្នែកការទូត។ ក្រសួងមហាផ្ទៃអ៊ុយក្រែន និយាយថា គ្រឿងផ្ទុះត្រូវបានបំផ្ទុះនៅតំបន់ភាគខាងលិចទីក្រុង Lviv ដោយបានសម្លាប់មន្ត្រីនគរបាលម្នាក់ និងបណ្តាលឱ្យមនុស្សជាង ២០ នាក់រងរបួស។