អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយលោក Pavel Zarubin អ្នកកាសែតមកពីសារព័ត៌មាន Vesti ថា រុស្ស៊ីមិនគំរាមកំហែងអេស្តូនី ឬប្រទេសដទៃទៀតទេ ប៉ុន្តែខ្លួននឹងតែងតែធ្វើអ្វីដែលចាំបាច់ ដើម្បីធានាសន្តិសុខរបស់ខ្លួន។

ប្រសិនបើអេស្តូនីមានអាវុធនុយក្លេអ៊ែរដែលតម្រង់ដាក់រុស្ស៊ី ទីក្រុងមូស្គូនឹងតម្រង់អាវុធនុយក្លេអ៊ែររបស់ខ្លួនសំដៅអេស្តូនីវិញ។ លោកបាននិយាយនៅពេលត្រូវគេសួរសំណួរដោយផ្ទាល់ថា៖ «អេស្តូនីគឺនៅជិតយើងណាស់ ហើយយើងមិនគំរាមកំហែងអេស្តូនីដូចប្រទេសអឺរ៉ុបដទៃទៀតដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមានអាវុធនុយក្លេអ៊ែរនៅលើទឹកដីអេស្តូនីដែលតម្រង់មកយើង អាវុធនុយក្លេអ៊ែររបស់យើង នឹងត្រូវតម្រង់ទៅទឹកដីអេស្តូនី ហើយអេស្តូនីត្រូវតែយល់ច្បាស់ឲ្យអំពីរឿងនេះ។ រុស្ស៊ីនឹងតែងតែធ្វើអ្វីដែលខ្លួនត្រូវធ្វើ ដើម្បីធានាសន្តិសុខផ្ទាល់ខ្លួន ជាពិសេសនៅពេលនិយាយអំពីបញ្ហាទប់ស្កាត់នុយក្លេអ៊ែរ»។

នាពេលមុននេះ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋបាល់ទិកនេះ លោក Margus Tsahkna បានថ្លែងថា អាជ្ញាធរអេស្តូនី មិនបានច្រានចោលការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ប្រទេសនោះទេ ប្រសិនបើការសម្រេចចិត្តបែបនេះ ត្រូវបានធ្វើឡើង ក្នុងក្របខ័ណ្ឌនៃផែនការការពារជាតិរបស់អង្គការណាតូ៕