នៅថ្ងៃចន្ទ (ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ ប្រទេសចិនបានជំរុញឲ្យសហរដ្ឋអាមេរិកលុបចោលការដាក់អត្រាពន្ធជាឯកតោភាគីដែលត្រូវបានប្រកាសដោយប្រធានាធិបតី លោក Donald Trump បន្ទាប់ពីតុលាការកំពូលអាមេរិក បានសម្រេចលុបចោលវិធានការជាច្រើនរបស់លោក។

កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក តុលាការបានសម្រេចក្នុងសំឡេង ៦ទល់នឹង៣ ថា លោក Trump មិនមានសិទ្ធិអំណាច ក្នុងការដាក់អត្រាពន្ធ ដោយប្រើប្រាស់ច្បាប់ឆ្នាំ១៩៧៧ ដែលលោកបានពឹងផ្អែក ដើម្បីចេញកាតព្វកិច្ចពន្ធភ្លាមៗលើប្រទេសនីមួយៗនោះឡើយ ជាអ្វីដែលធ្វើឲ្យពាណិជ្ជកម្មសកលប្រែប្រួលមិនទៀងទាត់។
លោក Trump បានប្រតិកម្មដោយកំហឹង ដោយបានប្រកាសអត្រាពន្ធសកលថ្មី ១០ភាគរយលើការនាំចូលក្រោមអំណាចផ្លូវច្បាប់ផ្សេង មុនពេលដំឡើងដល់កម្រិត ១៥ភាគរយ នៅថ្ងៃសៅរ៍។
ក្រសួងពាណិជ្ជកម្មចិន បានលើកឡើងនៅថ្ងៃចន្ទនេះថា ខ្លួនកំពុងធ្វើការវាយតម្លៃយ៉ាងទូលំទូលាយ អំពីផលប៉ះពាល់នៃសេចក្តីសម្រេចនេះ ហើយបានអំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតោនលុបចោលវិធានការដំឡើងពន្ធ។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ប្រទេសចិនជំរុញឲ្យសហរដ្ឋអាមេរិកលុបចោលវិធានការដំឡើងពន្ធជាឯកតោភាគីរបស់ខ្លួន លើដៃគូពាណិជ្ជកម្មនានា។ គ្មានអ្នកណា ជាអ្នកឈ្នះ នៅក្នុងសង្គ្រាមពាណិជ្ជកម្មនោះទេ ហើយសូមបញ្ជាក់ថា នយោបាយគាំពារនិយម មិននាំឲ្យមានលទ្ធផលជាវិជ្ជមាននោះទេ»។
គួរបញ្ជាក់ថា អត្រាពន្ធសកលថ្មី ១៥ភាគរយ នឹងចាប់ផ្តើមនៅថ្ងៃអង្គារ ហើយត្រូវបានគេរំពឹងថា នឹងមានរយៈពេល ១៥០ថ្ងៃ ដោយមានការលើកលែងសម្រាប់ផលិតផលមួយចំនួន៕

