ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានជួបភាគីពាក់ព័ន្ធ និងមន្ត្រីសំខាន់ៗ នៅសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២។
ប្រេសិតពិសេសប្រធានអាស៊ាន បានជួបជាមួយឯកឧត្តម វុនណា ម៉ោង ល្វីន រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា, ឯកឧត្តម កូ កូ ឡាំង រដ្ឋមន្រ្តីសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងារស្តីពីជំនួយមនុស្សធម៌អាស៊ាន, និងឯកឧត្តមឧត្តមសេនីយ៍ យ៉ា ព្យេ រដ្ឋមន្ត្រីការិយាល័យរដ្ឋាភិបាលសហព័ន្ធ និងជាប្រធានគណៈកម្មាធិការសាមគ្គីភាពជាតិ និងកសាងសន្តិភាព។
គួរបញ្ជាក់ថា កាលព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅមីយ៉ាន់ម៉ា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចូលជួបសវនាការចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈស្តីពីការអនុវត្ត និងវឌ្ឍនភាពនៃការព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុចរបស់អាស៊ាន ក្រោយពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែមករាឆ្នាំនេះ៕




