ប្រទេសអ៊ីរ៉ង់បានយល់ព្រមលើកិច្ចព្រមព្រៀងអាវុធសម្ងាត់តម្លៃ ៥០០លានអឺរ៉ូ (៥៨៩លានដុល្លារ) ជាមួយរុស្ស៊ី ដើម្បីទទួលបានមីស៊ីលបាញ់លើស្មាទំនើបរាប់ពាន់គ្រាប់។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Financial Times (FT) កាលពីថ្ងៃអាទិត្យ (ទី២២ ខែកុម្ភៈ ឆ្នាំ២០២៦)។

ដោយដកស្រង់ឯកសារបែកធ្លាយរបស់រុស្ស៊ី ដែលសារព័ត៌មាន FT បានឃើញ និងបុគ្គលជាច្រើនរូបដែលដឹងពីកិច្ចព្រមព្រៀងនេះ សារព័ត៌មាន FT បានរាយការណ៍ថា កិច្ចព្រមព្រៀងនេះដែលបានចុះហត្ថលេខានៅទីក្រុងមូស្គូ កាលពីខែធ្នូឆ្នាំមុន កំណត់ថា រុស្ស៊ីនឹងផ្គត់ផ្គង់អង្គភាពបាញ់មីស៊ីលលើស្មា «Verba» ចំនួន ៥០០ដើម និងមីស៊ីល «9M336» ចំនួន ២.៥០០គ្រាប់ ក្នុងរយៈពេល ៣ឆ្នាំ ។
សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍នេះភ្លាមៗបានទេ។ សារព័ត៌មាន FT បានឲ្យដឹងទៀតថា ក្រោមកិច្ចព្រមព្រៀងនេះ ការដឹកជញ្ជូនត្រូវបានកំណត់ពេលជា ៣ដំណាក់កាល ដោយចាប់ផ្តើមពីឆ្នាំ ២០២៧ ដល់ឆ្នាំ២០២៩។
សារព័ត៌មាន FT បានបន្ថែមថា កិច្ចព្រមព្រៀងនេះត្រូវបានចរចា រវាងក្រុមហ៊ុននាំចេញអាវុធរដ្ឋរុស្ស៊ី Rosoboronexport និងតំណាងមានមូលដ្ឋាននៅទីក្រុងមូស្គូនៃក្រសួងការពារជាតិ និងភស្តុភារកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ (MODAFL)។
គួរបញ្ជាក់ថា បើយោងតាមកិច្ចសន្យាដែលសារព័ត៌មាន FT បានឃើញ បានបង្ហាញថា ទីក្រុងតេអេរ៉ង់បានស្នើប្រព័ន្ធនេះជាផ្លូវការ កាលពីខែកក្កដាឆ្នាំមុន។ ក្នុងខែមិថុនាឆ្នាំកន្លងទៅ កងកម្លាំងរបស់សហរដ្ឋអាមេរិក បានវាយប្រហារទីតាំងនុយក្លេអ៊ែរសំខាន់ៗចំនួន ៣ របស់អ៊ីរ៉ង់ ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានចូលរួមក្នុងយុទ្ធនាការយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់៕
