រញ្ជួយដីវិទូសហរដ្ឋអាមេរិក និយាយថា ការរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៧,១រ៉ិចទ័រ បានអង្រួនតំបន់ជិតកោះ Borneo ស្ថិតក្នុងរដ្ឋ Sabah ប្រទេសម៉ាឡេស៊ីនាព្រឹកថ្ងៃចន្ទនេះ ។
មន្ទីរស្ទង់ភូគព្ភសាស្រ្តសហរដ្ឋអាមេរិក(USGS)និយាយថា ចំណុចកណ្តាលនៃការរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រនេះ ស្ថិតនៅចម្ងាយតិចជាង ១០០គ.មពីតំបន់ភាគឦសានរដ្ឋធានី Kota Kinabalu របស់រដ្ឋតំបន់ឆ្នេរ Sabah ក្នុងជម្រៅដី ៦១៩,៨គ.ម ។

ពួកគេនិយាយថា លទ្ធភាពនៃគ្រោះថ្នាក់ ឬការខូចខាតស្ថិតក្នុងកម្រិតទាប ហើយមន្ទីរព្រមានរលកស៊ូណាមិ ពុំបានចេញសេចក្តីប្រកាសអាសន្ននោះទេ ដោយពួកគេនិយាយថា ជម្រៅនៃការរញ្ជួយដី មានន័យថា សកម្មភាពរលកស៊ូណាមិ ពុំត្រូវបានគេរំពឹងថានឹងកើតឡើងនោះទេ ។
នាយកដ្ឋានឧតុនិយមម៉ាឡេស៊ី បានកំណត់កម្លាំងការរញ្ជួយដីនេះក្នុងកម្រិតត្រឹម ៦,៨រ៉ិចទ័រ ដោយពួកគេនិយាយថា ភាពរំញ័រកើតមាននៅតំបន់ឆ្នេរភាគខាងលិចរដ្ឋ Sabah និងតំបន់មួយចំនួនទៀតនៅរដ្ឋ Sarawak ។
មន្ទីរប្រតិបត្តិការនៃក្រសួងជួយសង្រ្គោះ និងពន្លត់អគ្គិភ័យរដ្ឋ Sabah និយាយប្រាប់ទីភ្នាក់ងារព័ត៌មានជាតិម៉ាឡេស៊ី Bernama ថា ពុំមានឧបទ្ទេវហេតុត្រូវបានរាយការណ៍នោះទេ បន្ទាប់ពីការរញ្ជួយដីនេះ ។
ពួកគេបន្តថា រដ្ឋទាំងអស់ កំពុងល្បាត និងតាមដានតំបន់របស់ពួកគេ ដើម្បីធានាដល់សុវត្ថិភាពសាធារណៈ និងធ្វើឲ្យស្ថានភាពអាចគ្រប់គ្រងបាន ។
នៅថ្ងៃចន្ទនេះដែរ ប្រធាននាយកដ្ឋានឧតុនិយមម៉ាឡេស៊ីលោក Mohd Hisham Mohd Anip និយាយថា ការរញ្ជួយដីនេះ គឺជាការរញ្ជួយដីដ៏ខ្លាំងបំផុតរបស់ម៉ាឡេស៊ី ក្នុងរយៈពេល ១១ឆ្នាំ ៕
